រាជធានីភ្នំពេញ ៖ នៅក្នុងវិបត្តិកូវីដ ១៩ វិស័យសំណង់ និងអចលនទ្រព្យបានដើរតួនាទីសំ ខាន់ក្នុងសេដ្ឋកិច្ច និងបានជួយទប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២០ ទាំងមូលផងដែរ ។ នេះបើតាមប្រសាសន៍មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត រដ្ឋ លេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
លោក វង្សី វិស្សុត បានមានប្រសាសន៍ថា នៅដើមឆ្នាំ ២០២០ កម្ពុជា រំពឹងថា សេដ្ឋកិច្ច នឹងធ្លាក់ចុះជាអវិជ្ជមានជាង-៥ភាគរយ តែធាតុពិតសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០២០ ធ្លាក់ចុះត្រឹម តែជាង -២ភាគរយប៉ុណ្ណោះ ។ ការធ្លាក់ចុះយឺតនៃសេដ្ឋកិច្ចនេះ ដោយសារតែវិស័យសំណង់ និងអចលនទ្រព្យនៅមានសកម្មភាពបន្ត បើទោះបីមានគម្រោងខ្លះបានផ្អាកដំណើរការសាង សង់ក្ដី ដែលជាការបញ្ជាក់ថា វិស័យនេះ ពិតជាសំខាន់សម្រាប់សេដ្ឋកិច្ចក្នុងពេលដែលកម្ពុជា ជួបវិបត្តិនៃជំងឺកូវីដ ១៩ ។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានឱ្យដឹងថា នៅក្នុងពេល ដែលកម្ពុជាជួបវិបត្តិនៃសេដ្ឋកិច្ច ជាការពិតណាស់វិស័យសំណង់ និងអចលនទ្រព្យពិតជា មានការថយចុះ ប៉ុន្តែការថយចុះនេះបើធៀបនឹងបណ្ដាប្រទេសនានាជុំវិញកម្ពុជា និងតំបន់ អាស៊ាន ឃើញថា កម្ពុជានៅតែទទួលបានការទិញលក់អចលនទ្រព្យ និងការអភិវឌ្ឍសំណង់ បន្តបន្តាប់ ដោយមិនស្ងាត់ដូចបណ្ដាប្រទេសមួយចំនួននោះឡើយ ។ លោកបន្តថា វិនិយោ គិនក្នុងស្រុកនៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់អតិថិជនរបស់ខ្លួនក្នុង ស្រុកដូចគ្នា ខណៈវិនិយោគិនបរទេសមានការថយចុះក្នុងពេលវិបត្តិកូវីដ ១៩ ។
លោកបន្តទៀតថា បើសិនជាកម្ពុជាមិនមានវិបត្តិ វិស័យនេះ នឹងកាន់តែរីកធំ ហើយរួម
ចំណែកកាន់តែខ្លាំងនៅក្នុងសេដ្ឋកិច្ចជាតិទាំងមូល ជាមួយនឹងបណ្ដាវិនិយោគិនមកពីបរទេស ចូលកម្ពុជា ខណៈសន្ទុះនៃវិនិយោគិនក្នុងស្រុកក៏មានសន្ទុះខ្លាំងឡើងថែមទៀត ។
បើតាមរបាយការណ៍មួយរបស់ក្រុមហ៊ុនសំណង់ដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ SCG បានឱ្យ ដឹង ថា ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងនេះក្ដី តែទ្រព្សកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានៅតែ មានកំណើន ជាក់ស្ដែងនៅត្រីមាសទី ៤ នៃឆ្នាំ ២០២០ ទ្រព្យសកម្មរបស់ក្រុមហ៊ុនសំណង់ មួយនេះបានកើនឡើង ១៨ភាគរយធៀបនឹងឆ្នាំ ២០១៩ ។ ក្នុងឆ្នាំ ២០២០ នេះដែរ ក្រុមហ៊ុន នេះសម្រេចបានប្រាក់ចំណូលពីការលក់របស់ខ្លួននៅកម្ពុជាជាង ២៥២លានដុល្លារអាមេរិក ផងដែរ ដែលបង្ហាញថា សកម្មភាពសាងសង់ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់នៅតែបន្ត សកម្មភាពដដែល ។
យោងតាមរបាយការណ៍ដដែលបានបង្ហាញថា ការសម្រេចបាននូវប្រាក់ចំណេញ ក្នុងពេលពិភពលោកជួបប្រទះនឹងវិបត្តិសកលនេះ ដោយសារតែការផ្លាស់ប្តូរយុទ្ធសាស្ត្រ ទីផ្សារ ក៏ដូចជាការធ្វើពិពិធកម្មសេវាកម្មនិងផលិតផលរបស់ខ្លួន ។
អ្នកជំនាញអចលនទ្រព្យជាច្រើនបានព្យាករណ៍ថា ឆ្នាំ ២០២១ នេះ សកម្មភាពវិនិ យោគក្នុងវិស័យសំណង់នឹងទទួលបានសញ្ញាវិជ្ជមានឡើងវិញ ក្រោយពេលវ៉ាក់សាំងកូវីដ ១៩ ត្រូវបានប្រកាសរកឃើញ និងចាក់ជូនប្រជាជនលើពិភពលោកបណ្ដើរៗរួចហើយ ។ សម្រាប់ កម្ពុជាត្រូវបានប្រកាសថា វ៉ាក់សាំងកូវីដ ១៩ នឹងមកដល់នៅចុងសប្ដាហ៍ក្រោយនេះ ហើយ ក៏ត្រៀមចាក់ជូនប្រជាពលរដ្ឋកម្ពុជាមួយចំនួនផងដែរ ព្រមទាំងត្រៀមទិញ និងទទួលពីបណ្ដា ប្រទេសមួយចំនួនជាដៃគូ ៕
ចែករំលែកព័តមាននេះ