រាជធានីភ្នំពេញ ៖ ពិធីសែនព្រេន និងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនឹងចូលមកដល់នៅសប្តាហ៍ទី២ នៃខែកុម្ភៈនេះ ហេតុដូច្នេះហើយថ្នាក់ដឹកនាំនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានណែនាំពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមបង្ការអគ្គិភ័យដែលអាចកើតមានជាយថាហេតុណាមួយនោះ ព្រោះថា សមត្ថកិច្ចរកឃើញថាមូលហេតុសំខាន់មួយក្នុងចំណោមមួលហេតុសំខាន់ៗចំនួន៣ដែលបង្កឲ្យមានអគ្គិសភ័យគឺបណ្តាលមកពី ភ្លើងទៀនធូប។
ហេតុដូច្នេះបងប្អូនខ្មែរដែលកាត់សាច់ឈាម ចិន ឬវៀតណាម ឬក៏កូរ៉េ ដែលនឹងរៀបចំពិធីសែនដូនតានាថ្ងៃទី ១១ ខែកុម្ភៈ សប្តាហ៍ក្រោយនេះ មិនគួរដុតភ្លើងទៀនធូបចោលនៅផ្ទះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នាពេលខាងមុខនេះ ព្រោះវាងាយនឹងបង្កទៅជាអគ្គិភ័យបាន ។
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានថ្លែងឲ្យដឹងថា សម្រាប់ខែមករា ឆ្នាំ ២០២១ អគ្គិភ័យ កើតមានចំនួន ៦៧ លើក លើ ៧៧ លើក មានន័យថាថយចុះ ចំនូន ១៧ លើកបើធៀបនឹងខែមករា ឆ្នាំ ២០២០ ។ ក្នុងនោះផងដែរ គ្រោះអគ្គិភ័យក្នុងខែមករា ឆ្នាំ ២០២១ នេះបានបង្កឲ្យបាត់បង់ជីវិតមនុស្ស ៣ នាក់ និងរបួសចំនួន ៨ នាក់ និងឆេះផ្ទះ ៥២ ខ្នង និងឧបករណ៍សម្ភារៈមួយចំនួនធំ ។
លោកឧត្ដមសេនីយ៍ឯក នេត វន្ថា បានបញ្ជាក់ឲ្យដឹងផងដែរថា កត្តានាំឲ្យកើតអគ្គិភ័យក្នុងខែមករា ឆ្នាំ ២០២១ នោះ គឺមាន ៣ សំខាន់ៗគឺ ទី១- ការឆ្លងចរន្តអគ្គិសនី និងបណ្តាលមកពីចរន្តអគ្គិសនីមានចំនួន ៤០ % ទី ២- ប្រើប្រាស់ភ្លើងទៀនធូបចំនួន ៣៩% និងក្តាប់មិនបានមូលហេតុមានចំនួន ២១% ។
ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបន្តទៀតថា កត់សម្គាល់ក្នុងខែមករា ឆ្នាំ២០២១ រាជធានី-ខេត្តដែលមានអគ្គិភ័យច្រើនជាងគេនោះ គឺរាជធានីភ្នំពេញ ចំនួន ១៤ លើក ខេត្តកណ្តាល ៨ លើក និងខេត្តសៀមរាបចំនួន ៦ លើក ។ ខណៈខេត្តកែប ប៉ៃលិន រតនគីរី និងខេត្តព្រៃវែង មិនសូវមានអគ្គិភ័យនោះទេ ៕
ចែករំលែកព័តមាននេះ