ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពប្រើអំពើហិង្សាវាយទៅលើជនរងគ្រោះជាអតីតយុទ្ធជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចផ្លូវ៥០២ ស្ថិតក្នុងភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចមកអូសជនរងគ្រោះដាក់លើគំនរឈើដែលឆេះ ចំណែកម៉ូតូវិញយកទៅទម្លាក់ចូលក្នុងទឹកស្រះក្រោយផ្ទះ។
លោកអធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ជនរងគ្រោះខាងលើត្រូវបានជនសង្ស័យវាយត្រូវក្បាល និងមុខជាច្រើនកន្លែងរហូតសន្លប់ រួចហើយជនសង្ស័យបានអូសជនរងគ្រោះដាក់លើគំនរឈើដែលជនសង្ស័យរូបនេះបានចាក់សាំងដុតឆេះរួចជាស្រេច ចំណែកជនសង្ស័យក៏ទៅបាត់។ ក្រោយមកក៏ត្រូវប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមផ្លូវប្រទះឃើញជនរងគ្រោះទាន់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រួចក៏ទាញចេញជនរងគ្រោះពីកន្លែងឆេះនោះ ហើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ប៉ុន ស្រុកមង្គលបូរី តែជាអកុសលដោយសារតែរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានបាត់បង់ជីវិតពេលដល់មន្ទីរពេទ្យតែម្តង។
លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រុង រឿង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិបន្ទាយទី០២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ អតីតជាយោធិចូលនិវត្តន៍។ ចំណែកជនសង្ស័យឈ្មោះ វុន ឡៃហៀក ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាជនប្រើប្រាស់គ្រឿងញៀន ។
ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះបាននៅរសៀលថ្ងៃទី០១ ខែកុម្ភៈ នេះផងដែរ ។
លោកអធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងទៀតថា ជនរងគ្រោះត្រូវជនល្មើសវាយត្រូវរបួសក្បាល និងមុខធ្ងន់ធ្ងរ រួចបានអូសទៅដាក់លើគំនរឈើដែលជនល្មើសបានចាក់សាំងដុត លុះពេលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញ រួចនាំគ្នាអូសជនរងគ្រោះចេញបានរួចផុតពីភ្លើងឆេះ ចំណែកម៉ូតូជនរងគ្រោះម៉ាកឌ្រីម ពណ៌ខ្មៅ ស្លាកលេខបន្ទាយមានជ័យ-I-8433 ត្រូវបានសង្ស័យយកទៅលាក់ទុក ដោយទម្លាក់ក្នុងទឹកស្រះក្រោយផ្ទះរបស់គេ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ វុន ឡៃហៀក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កំពុងរៀបសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ