រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ដែលអ្នកបើកបរបានអះអាងថា គាត់ងោកមួយភាំង ក៍រេចង្កូតធ្លាក់ផ្លូវ បណ្តាលអោយប្រឡាប់ធ្លាក់ចូលក្នុងទឹកប្រឡាយ រងការខូចខាតធ្ងន់ធ្ងរ តែពុំបណ្តាលឱ្យគាត់រងរបួសឡើយ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរសៀលថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២១ នៅចំណុចខាងជើងវត្តភ្នៀត ជិតគល់ស្ពានភូមិ ចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តស៊េរីទំនើបមួយគ្រឿងដែលក្រឡាប់ខាងលើនោះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4768 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានអាយុប្រមាណ៥០ឆ្នាំ ។
តាមប្រភពពីសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបខាងលើបានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះពេលឆ្លងកាត់ស្ពានត្រង់ចំណុចខាងលើបានបន្តិច ស្រាប់តែរថយន្តនោះរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចូលប្រឡាយទឹករងការខូចខាត ។ ពេលឃើញហេតុការណ៍បែបនេះកើតឡើង ភ្លាមៗនោះអ្នកដំណើរក៍បាននាំគ្នាទៅជួយគ្រាហ៍អ្នកបើកបរចេញពីក្នុង រថយន្ត ដោយពុំមានរងរបួសឡើយ។
តាមប្រភពពីអ្នកបើកបររថយន្តស៊េរីទំនើបខាងលើបានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីគាត់ងោកមួយភាំង នៅពេលកំពុងតែបើកបរក៍បានជ្រុលធ្លាក់ផ្លូវប្រឡាប់តែម្តង ។
ក្រោយពេលកើតហេតុ ដោយសារតែពុំបង្កឱ្យមនុស្សណាម្នាក់រងរបួស ទើបសមត្ថកិច្ចអនុញ្ញាតឱ្យម្ចាស់ទាក់ទងហៅរថយន្តមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង ៕
ចែករំលែកព័តមាននេះ