រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកឥដ្ឋមួយគ្រឿងបើកលឿន បណ្តាលអោយរបូតកង់ក្រោយខ្ទាតទៅបុកនឹងរថយន្តស៊េរីទំនើបធុនតូចមួយគ្រឿង បណ្តាលអោយរងការខូចខាត សំណាងល្អមិនមានរងរបួសដល់មនុស្ស ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយដឹកឥដ្ឋ ពណ៌សលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3C-4995 ។ ចំណែកឯរថយន្តរងការខូចខាតជាប្រភេទរថយន្តស៊េរីទំនើបធុនតូច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0279 ។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកឥដ្ឋមួយគ្រឿងខសាងលើបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកឥដ្ឋរេចង្កូតរបូតកង់ខាងក្រោយខ្ទាតទៅបុកជាមួយរថយន្តធុនតូច ពណ៌ស មួយគ្រឿងខាងលើ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយរងការខូចខាតទាំង២គ្រឿង ដោយឡែករថយន្តធុនតូច ពណ៌ស រងការខូចខាតខាងមុខផ្នែកខាងឆ្វេង ។ រីឯរថយន្តដឹកឥដ្ឋដែលរបូតកង់ក្រោយត មិនអាចបន្តដំណើរទៅមុខទៀតបានឡើយ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ ពុំបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ គឺគ្រាន់តែខូចខាតរថយន្តទាំង២គ្រឿងប៉ុណ្ណោះ ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយ នគរបាលការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ចុះអន្តរាគមន៍វាស់វែង ប៉ុន្តែជាក់ស្តែង ម្ចាស់រថយន្តទាំង២គ្រឿង ជាអ្នកធ្លាប់ស្គាល់គ្នា ក៏ចរចាសម្របសម្រួលគ្នា ព្រមជួសជុលថ្លៃខូចខាតសងគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង ៕
ចែករំលែកព័តមាននេះ