រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៦ មករា ឆ្នាំ២០២១ មុននេះ សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិត ដើម្បីសន្តិភាព ដែលហៅកាត់ថា អាយអេវ៉ាយអេសភី (IAYSP) ដែលជាសមាគមអន្តរជាតិដែលមានសមាជិកជាង៥០ប្រទេស នៅទូទាំងសកលលោក ក្រោមការបង្កើតឡើង ដោយលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន (អ្នកម្តាយសន្តិភាព) កាលឆ្នាំ២០១៧ នៅប្រទេសកូរ៉េខាងត្បូង បានប្រគល់ពានរង្វាន់ជូនកីឡាករ អ៊ួន បឋម ហៅសាយ ជាផ្លូវការហើយ ជាថ្នូរនឹងការលះបង់របស់លោក ដើម្បីកុមារកម្ពុជា ។
ការប្រគល់ជូននេះ គឺដោយសារតែកាលពីដើមខែមករា ឆ្នាំ២០២១ គណៈកម្មាការរៀបចំពានរង្វាន់វីរយុវជន ឆ្នាំ២០២០ បានធ្វើការវាយតម្លៃ និងជ្រើសរើសលោក អ៊ួន បឋម (សាយ) ជាបុគ្គលដែលមានគុណលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ ។
លោក អ៊ួន បឋម (សាយ) គឺជាសិល្បៈករមួយរូបដែលត្រូវបានមហាជនទទួលស្គាល់គ្រប់ស្រទាប់វណ្ណៈ កាលពីពេលថ្មីៗកន្លងទៅនេះលោក សាយ បានបង្កើតនូវកម្មវិធីរៃអង្គាសសប្បុរសធម៌ក្រោមប្រធានបទរត់ ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីស្វែងរកថវិកាជូនមន្ទីរពេទ្យកុមារអង្គរ ។ ក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌នេះ លោកបានចំណាយពេលរបស់លោកចំនួន៩៩ថ្ងៃ រត់ឆ្លងកាត់ចំនួន២១ រាជធានី-ខេត្ត នៅជុំវិញប្រទេសកម្ពុជា ហើយកម្មវិធីសប្បុរសធម៌នេះបានរៃអង្គាសថវិកាបានប្រមាណជាង៥០ម៉ឺនដុលា្លរសហរដ្ឋអាមេរិក ។
សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិត ដើម្បីសន្តិភាព បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ វីរយុវជន ឆ្នាំ២០២០ ជូនទៅកាន់លោកសាយ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២ ៖០០ ដល់ម៉ោង ៣៖៣០ នាទីរសៀល នៅសណ្ឋាគារ អេមីអនភ្នំពេញ ដោយមានអ្នកចូលរួមធ្វើជាសាក្សីកុះករ។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តជាតិសំខាន់ៗប្រមាណជាង ៤០រូបផងដែរ ។
សមាគមអន្តរជាតិយុវជន និងសិស្សនិស្សិត ដើម្បីសន្តិភាព សង្ឃឹមយ៉ាងមុតមាំថា យុវជនទាំងអស់នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោកអាចយកគំរូ តាមលោក អ៊ួន បឋម (សាយ) ដែលនឹងធ្វើការចាប់ផ្តើមបង្កើតនូវសកម្មភាពផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងកិច្ចការងារសង្គមជាតិ និងសកលលោក ដែលធ្វើការគាំទ្រនូវគោលដៅអភិវឌ្ឈន៍ប្រកបដោយចរីភាពរបស់អង្គការសហប្រជាជាតិ ។
សមាគមនេះ មានបេសកកម្ម បង្កើតនូវសន្តិភាពពិភពលោកតាមរយៈការលើកកម្ពស់ដល់យុវជននិងសិស្សនិស្សិតឱ្យក្លាយជាពលរដ្ឋសកលតាមរយៈ ការអប់រំចរិតលក្ខណៈ និងការបង្កើតគម្រោងសន្តិភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។
លោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន ដែលជាស្ថានិកនៃសមាគមអន្តរជាតិនេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ដើម្បីចូលរួមកម្មវិធីកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ ដែលសហការរៀបចំដោយ សហព័ន្ធសន្តិភាពសកល (UPF) ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាហ្វិកឆ្នាំ២០១៩ លោកស្រីបណ្ឌិត មូនសហស្ថានិក អង្គការសហព័ន្ធសន្តិភាពសកល (UPF) បានធ្វើការប្រគល់នូវមេដាយអភិបាលកិច្ចល្អ ជូនប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដៅអភិវឌ្ឈន៍ប្រកបដោយចរីភាព ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា និងមានការទទួលស្គាល់ពីមនុស្សជាច្រើននៅក្នុងប្រទេស និងតំបន់ ។ ពិធីប្រគល់ពាននេះ ក៏បញ្ជាក់យ៉ាងច្បាស់សកម្មភាពលះបង់របស់បុគ្គលកម្ពុជារូបនេះ ក៏មានការទទួលស្គាល់ជាអន្តរជាតិផងដែរ ៕
ចែករំលែកព័តមាននេះ