រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មានពលរដ្ឋនៅរាជធានីភ្នំពេញប្រមាណជិត ៥ ពាន់នាក់ បានបាត់បង់ជីវិតដែលក្នុងនោះមានជនបរទេសចំនួន ២៩នាក់ ខណៈពេញមួយឆ្នាំ២០២០ ក៏មានអ្នករៀបអាពាហ៍ពិពាហ៍ចំនួន១១ ៩២៤ គូ (រៀបការខ្មែរ និងខ្មែរ មាន១១ ៧២០គូ ខ្មែរ និងបរទេស១៨០គូ បរទេស និងបរទេស ចំនួន២៤គូ) ។ នេះបើយោងតាមយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញដែលកោះសន្តិភាពទទួលបាន ។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ គិតចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ប្រជាពលរដ្ឋរស់នៅក្នុង រាជធានីភ្នំពេញ បានរៀបអាពាហ៍ពិពាហ៍ចំនួន១១ ៩២៤គូ (រៀបការខ្មែរ និងខ្មែរមាន១១ ៧២០គូ ខ្មែរ និងបរទេស១៨០គូ បរទេស និងបរទេស ចំនួន២៤គូ) បញ្ជាក់កំណើតក្រោយកូនកើត រយៈពេល៣០ថ្ងៃ បានចំនួន១៥ ៩៤៥នាក់ (ស្រី ៧៧១៤នាក់) និងបរទេស៣៧នាក់ និងអ្នកស្លាប់ មានចំនួន៤៧៧០នាក់ ក្នុងនោះបរទេស២៩នាក់ ។
របាយការណ៍របស់រដ្ឋបាល រាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលបានមកចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ បានចំនួន ៦៦.១១១នាក់ (ស្រី ៣២.១៤៧នាក់) ក្នុងនោះសំបុត្រកំណើតចំនួន ២១.៥១១នាក់ (ស្រី ១០.៣៤១នាក់)។ ស្ថិតិប្រជាពលរដ្ឋរាជធានីភ្នំពេញដែលបានចុះបញ្ជីស្នាក់នៅ(ជំរឿនប្រជាជន ឆ្នាំ២០១៩)មានចំនួន ៣៩៩.២០៣គ្រួសារ, ប្រជាពលរដ្ឋ សរុបចំនួន ២.១២៩.៣៧១នាក់ (ស្រី ១.០៩០.១៧៩នាក់) ។
បានផ្ដល់សៀវភៅស្នាក់នៅ (ក២) ចំនួន ៨.៥៧៦គ្រួសារ និងសុំកែតម្រូវបន្ថែមសមាជិក ចំនួន ១៧.១៧៧គ្រួសារ។
បានផ្ដល់សៀវភៅគ្រួសារ(ក៤) ចំនួន ៣.៦៧៨សហព័ទ្ធ និងសុំកែតម្រូវបន្ថែមសមាជិក ចំនួន ២.៦២៣ហព័ទ្ធ។
បានបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ បានចំនួន ២៦.៧៧៩សន្លឹក (ប្រុស ១៣.៦៥៩នាក់) និងចែកជូនប្រជាពលរដ្ឋប្រើប្រាស់ បានចំនួន ១៩.៥០៦សន្លឹក (ប្រុស៩៦៧៩នាក់) ។
គួររំលឹកថា រយៈពេលមួយឆ្នាំដូចគ្នា កាលពីឆ្នាំ២០១៩ កន្លងមក ប្រជាពលរដ្ឋរស់នៅក្នុង រាជធានីភ្នំពេញ បានរៀប អាពាហ៍ពិពាហ៍ ចំនួន ៩.៤៣១គូរ (រៀបការខ្មែរ និងខ្មែរមាន៩.១៥១គូរ ខ្មែរ និងបរទេស២៦៥គូរ) កើតចំនួន៣៨.២២៦នាក់ ក្នុងនោះចុះបញ្ជីកំណើតបានចំនួន ១៩.១៧៨នាក់ ស្រី ៩.០១៥នាក់ បញ្ជាក់កំណើតក្រោយកូនកើតរយៈពេល៣០ថ្ងៃ បានចំនួន ១៩.០០៧នាក់ (ស្រី ៩.២៤៥នាក់) និងបរទេស៤១ នាក់ និង អ្នកស្លាប់ មានចំនួន៤.២០៧នាក់ ក្នុងនោះបរទេស៣០នាក់ ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១ នៅក្នុងអំឡុងខែកុម្ភៈនេះ ៕
ចែករំលែកព័តមាននេះ