ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​ថ្កោលទោស​បុរស​ម្នាក់​ដែល​ចោទប្រកាន់​ថា ​អង្ករ​កម្ពុជា​ពាក់​ព័ន្ធ​នឹង​ការ​រំលោ.ភសិទ្ធិ​មនុស្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ការពារ​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជា​កសិ​ករ​ខ្មែរ ថ្នាក់ដឹកនាំ​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី២៣ ​ខែមករា​ ឆ្នាំ​២០២១ នេះ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ន័យ​ការពារ​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា​ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជា​កសិ​ករ​ខ្មែរ ថ្នាក់ដឹកនាំ​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី២៣ ​ខែមករា​ ឆ្នាំ​២០២១ នេះ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​ថា ​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​អូស្ត្រាលី ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​​មនុស្ស​ជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​នោះ​ឡើយ ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ «សូម​​សម្តែង​ការ​ខកចិត្ត និង​សោកស្ដាយ​ជាទី​បំផុត​ចំពោះ​ទ​ង្វើ​គ្មាន​មនសិការ​របស់​បុគ្គល​ឈ្មោះ ឯក សុ​វ​ត្ថី ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ រស់នៅ​ទីក្រុង​ស៊ី​ដ​នី ដែល​បាន​ផ្ញើ​លិខិត​ជូន​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី ដោយ​ចោទប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​អំពី​ការ​នាំ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​អូស្ដ្រាលី​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស ក្នុង​គោលបំណង​ទុច្ចរិត ដើម្បី​រារាំង​ការ​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ទីផ្សារ​អូស្ត្រាលី​» ។

ប្រភព​ដដែល​បាន​បន្ត​ថា «​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជា​កសិករ​ខ្មែរ និង​កេរ្តិ៍ឈ្មោះ​អង្ករ​កម្ពុជា ស្ថាន​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ បាន​ខិតខំ​ធ្វើការ​សហការ​យ៉ាង​ជិត​ស្និទ្ធ និង​បកស្រាយ​បំភ្លឺ​យ៉ាង​សកម្ម ជូន​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​អូស្ត្រាលី ជុំវិញ​ការ​ចោទប្រកាន់​របស់​បុគ្គល​អគតិ​ខាងលើ​។ ជា​លទ្ធផល ភាគី​អូស្ត្រាលី​បាន​ឆ្លើយ​បញ្ជាក់​ជា​ឱ​ឡា​រឹក​ថា ផ្អែក​លើ​ការ​ស្រាវជ្រាវ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​អូស្ត្រាលី បាន​រក​​ឃើញ​ថា ការ​លើក​ឡើង​របស់​បុគ្គល​ឈ្មោះ ឯក សុ​វ​ត្ថី គឺជា​ការ​ចោទប្រកាន់​ដែល​គ្មាន​ភស្តុ​តាង និង​មិន​អាច​យក​ជា​ការ​បាន​»​។

បន្ថែម​ពីលើ​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បាន​ធ្វើការ​ «ថ្កោល​ទោស​ជន​អគតិ​ទាំងឡាយ​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ផលប្រយោជន៍​ប្រជា​កសិករ​ខ្មែរ​តាម​រយៈ​ទ​ង្វើ​ទុច្ចរិត និង​មួលបង្កាច់​បំភ្លៃ​ការ​ពិត ដូច​ករណី​បាន​លើក​ឡើង​ខាង​ដើម​» ។

ថ្នាក់ដឹកនាំ​ក្រសួងការបរទេស​ក៏​បាន​គូសបញ្ជាក់​ជូន​សាធារណជន​សា​រជា​ថ្មី​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​និច្ច​ជា​កាល​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ប្រជា​កសិករ​ខ្មែរ និង​កសិផល​កម្ពុជា ជា​ពិសេស​អង្ករ តាម​រយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍ ក្នុង​នោះ​​ក៏​មាន​ប្រទេស​អូស្ត្រាលី​ផង​ដែរ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ដាំ​ដុះ ការ​ធានា​គុណភាព​កសិផល ព្រមទាំង​ពង្រីក​ទីផ្សារ​ដែល​មាន​ស្រាប់ និង​ស្វែងរក​បន្ថែម​នូវ​ទីផ្សារ​ថ្មី​សម្រាប់​ការ​នាំ​ចេញ​​អង្ករ និង​កសិផល​នានា​របស់​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ និង​តម្លៃ​សមរម្យ សំដៅ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​កសិករ​ខ្មែរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ