ខេត្តតាកែវ ៖ ពលរដ្ឋក្នុងស្រុកព្រៃកប្បាស បាននាំគ្នាលើកឡើងថា ដោយសារថ្នាក់ដឹកនាំស្រុករវល់តែអាំងត្រីធម្មជាតិ បង្ហោះបង្អួតពេញបណ្ដាញសង្គម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ឡើងល្បីល្បាញ និងមានភាពទាក់ទាញឱ្យគេឡាយ ខំមិន និងស៊ែរាប់ភ្លេច បែរជាក្រុមចោរមានឱកាសបាននាំគ្នាជិះម៉ូតូដើរពេញវាលស្រែ ស្រូវក្បែរភូមិឋានរបស់ពួកគាត់ និងធ្វើសកម្មភាពលួចយកម៉ូតូទៅដោយសុវត្ថិភាព។
ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងជាទីពេញនិយមសម្រាប់ក្រុមចោរធ្វើសកម្មភាពលួចម៉ូតូ មានទាំងចោរស្រីស្រស់សោភា និងចោរប្រុសសង្ហាៗ បើទោះជាលោកអធិការធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ក៏ដោយ ក៏សកម្មភាពចោរទាំងនោះ មិនមានការថមថយឡើយ ហើយកាន់តែធ្វើសកម្មភាពព្រហើនជាងពេលមុនៗទៅទៀត។
ជាក់ស្ដែងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ដែលជាពេលថ្នាក់ដឹកនាំស្រុក កំពុងតែជក់ស៊ូអាំងត្រីធម្មជាតិ ស្រាប់តែក្រុមចោរមានគ្នា២នាក់ជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ១គ្រឿង បានធ្វើសកម្មភាពលួចម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1CR 2737 នៅចំណុចវាលស្រែខាងលិចភូមិដូងខ្ពស់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បើយោងតាមសម្ដីលោក ជា លី នាយប៉ុស្ដិ៍រដ្ឋបាលឃុំ បានកាមបានអោយដឹងថា នៅវេលាម៉ោង១និង៣០នាទី ស្ថិតនៅចំណុចខាងលើ ពិតជាមានសកម្មភាពចោរលួចម៉ូតូសង់០១៥មួយគ្រឿងពិតមែន ដោយឈ្មោះ លី ប៊ុនរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ជិះទៅច្រូតស្មៅ។
លោកនាយប៉ុស្តិ៍ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ឈ្មោះខាងលើបានជិះម៉ូតូចេញទៅច្រូតស្មៅនៅខាងលិចភូមិប្រហែល៧០០មែត្រ ហើយបែរខ្នងដាក់ម៉ូតូ ក៏ស្រាប់មានជនសង្ស័យ២នាក់ជិះម៉ូតូវ៉េវ មិនចាំស្លាកលេខ ដោយឃើញម៉ូតូជនរងគ្រោះមិនដកសោផងនោះ ពួកគេក៏លួចយកទៅដោយសុវត្ថិភាពតែម្ដងទៅ ។
ក្រោយពេលកើតហេតុ កម្លាំងរបស់លោកបានចុះទៅដល់ តែមិនអាចកំណត់មុខសញ្ញាបានទេ។ ពលរដ្ឋក៏បាននាំគ្នានិយាយថា តាមពិត១ថ្ងៃៗក្រុមចោរនៅពាសវាលពាសកាលក្នុងស្រុកព្រៃកប្បាសតែម្ដង ហើយគ្រាន់តែប្រហែសតែបន្តិច គឺប្រហោងភ្លាមៗ។
ចែករំលែកព័តមាននេះ