ខេត្តប៉ៃលិន ៖ បុរសម្នាក់ផឹកស៊ីជួបជុំមិត្តភក្តិ តាំងពីថ្ងៃរហូតដល់ពេលល្ងាច ក៏ស្រវឹងជោកជាំ លុះបើកបរម៉ូតូតាមដងផ្លូវ ក៏រេចង្កូតទៅបុកនឹងបង្កាន់ដៃស្ពាន បណ្តាលឱ្យដួលរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានវាងក្រុងស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជន រី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបបរជាកម្មករ ដោយបើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ មិនពាក់មួកការពារសុវត្ថិភាព និងគ្មានភ្លើងបំភ្លឺផ្លូវពេលយប់ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើ ជួបជាមិត្តភក្តិ អង្គុយផឹកស៊ីយ៉ាងសប្បាយ លុះពេលស្រវឹងរៀងៗខ្លួន ជនរងគ្រោះក៏ជិះម៉ូតូ ក្នុងទិសដៅពីត្បូងទៅជើង បម្រុងទៅផ្ទះ ស្រាប់តែរេចង្កូតបុកបង្កាន់ដៃស្ពានរងរបួសធ្ងន់ម្នាក់ឯងតែម្តង ។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ចូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ៕
ចែករំលែកព័តមាននេះ