រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៦នាក់បានជិះម៉ូតូ៣គ្រឿងមកកៀបយុវជនម្នាក់បំរុងប្លន់យកម៉ូតូ តែមិនសម្រេច ព្រោះត្រូវជនរងគ្រោះស្រែកថា «ចោរៗ» ក៏ត្រូវបានកម្លាំងអាវុធហត្ថឃាត់បាន២នាក់យកទៅសាកសួរ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣៥នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះមានឈ្មោះ តាំង គីមឡេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ ស្នាក់នៅម្តុំផ្សារដេប៉ូ ជិះម៉ូតូម៉ាកស៊ុបភើ គប់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1HU-0007 ។ ចំណែកជនសង្ស័យជិះម៉ូតូម៉ាកស៊ុយសូគីនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CC-5136 ។
តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ជិះម៉ូតូតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច ក៏ស្រាប់តែមានជនសង្ស័យជាច្រើនម៉ូតូជិះតាមក្រោយម៉ូតូរបស់គាត់ បន្ទាប់មកបក្សពួកជនសង្ស័យបានជិះមកកៀបឱ្យរូបគាត់អែបខាង។
ជនរងគ្រោះបន្តថា ខណៈពេលនោះរូបគាត់បានជិះមកដល់ចំណុចកើតហេតុមុខភោជនីយដ្ឋានចិន រូបគាត់ជាជនរងគ្រោះក៏បានស្រែកថា «ចោរៗ» ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ តាមឃាត់ជនសង្ស័យបាន២នាក់ភ្លាមៗផងដែរ ។
ប្រភពដដែលបន្តថា ក្រោយពេលចាប់ខ្លួនបាននោះ ជនសង្ស័យទាំង២នាក់ខាងលើបានបដិសេធថា ពួកគាត់មិនមែនជាចោរប្លន់នោះទេ ដោយពួកគាត់គ្រាន់តែជិះម៉ូតូដើរលេងតែប៉ុណ្ណោះ ចំណែកបក្សពួករបស់គាត់មានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ។
ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ជនសង្ស័យទាំង២នាក់ខាងលើ រួចយកទៅសាកសួរនៅមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ