ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈរថយន្តមួយគ្រឿងដឹកព្រះសង្ឃជាច្រើនអង្គ បានបើកក្នុងល្បឿនយ៉ាងលឿន ហើយស្របពេលនោះងងុយដេកផង ក៏ជ្រុលទៅបុកជាមួយនឹងដើមឈើ បណ្តាលឱ្យរងរបួសព្រះសង្ឃជាច្រើនអង្គ និងខូចខាតរថយន្តយ៉ាងដំណំ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើ ១- អ្នកបើកបររថយន្តឈ្មោះ សែម បុរី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសូគង ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើករថយន្តម៉ាកកាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2A-2434 (រងរបួសស្រាល)។
ចំណែកអ្នករួមដំណើរជាព្រះសង្ឃចំនួន៥អង្គគង់នៅវត្តដងទង់ ស្ថិតក្នុងភូមិស្រែខាងជើង ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត មាន៖ ១- ព្រះនាម សែន ស៊ិនដារ៉ូ ព្រះជន្ម៣៤វស្សា រងរបួសបាក់កដៃស្តាំ ២-ព្រះនាម ត្រេន ព្រះជន្ម៣១វស្សា របួសបែកមុខខាងស្តាំ ៣- ព្រះនាម ត្រាវ ព្រះជន្ម៣៣វស្សា របួសស្រាល ៤- ព្រះនាម វែង ព្រះជន្ម៣៤វស្សា របួសធ្ងន់ និង៥- ព្រះនាម ឡុង ព្រះជន្ម៣២វស្សា របួសធ្ងន់។
បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ចំពោះមូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង គឺបណ្ដាលមកពីអ្នកបើកបររថយន្តបើកក្នុងស្ថានភាពងងុយដេក ហើយបើកខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឱ្យរថយន្តជ្រុលទៅបុកជាមួយនឹងដើមឈើ បណ្តាលឱ្យព្រះសង្ឃដែលគង់នៅលើរថយន្តរងរបួសច្រើនយ៉ាងនេះ។
បច្ចុប្បន្ននេះ ព្រះសង្ឃទាំង០៥អង្គខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនហើយ ៕
ចែករំលែកព័តមាននេះ