ខេត្តបន្ទាយមានជ័យ ៖ គ្រួសាមួយដែលបុរសជាប្តីជួបគ្រោះអកុសលត្រូវចរន្តភ្លើងឆក់ធ្លាក់ខ្លួនពិការកាត់ដៃទាំង២ និងខ្លួនប្រាណរងរបួសធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៅឡើយ បានដង្ហោយរកអំណោយសង្គ្រោះពីសប្បុរសជន។
គ្រួសារដែលជួបគ្រោះថ្នាក់ចរន្តអគ្គិសនីឆក់នេះ ប្តីឈ្មោះ រស់ សុគុណ អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះ ខន ង៉ោល អាយុ៣៣ឆ្នាំ មានកូន៤នាក់សុទ្ធតែនៅក្នុងបន្ទុក បច្ចុប្បន្នស្នាក់នៅភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែត។
បើតាមសម្តីស្ត្រីជាប្រពន្ធ បានប្រាប់ថា ប្តីរបស់នាងបានជួបគ្រោះអកុសលចរន្តអគ្គិសនីឆក់កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ២០២០ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខណៈពេលនោះនាង និងប្តី ស៊ីឈ្នួលធ្វើផ្ទះឲ្យគេ។
នាងបន្តថា មុនពេលហេតុការណ៍កើតឡើង នាថ្ងៃនោះគឺនាងហុចដែកឲ្យប្តីនៅលើដំបូលផ្ទះ លុះប្តីនាងទទួលដែកបន្តហើយ ក៏លើកឡើងលើ ស្រាប់តែប៉ះចំខ្សែភ្លើងក៏ឆក់ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
នាងបន្តទៀតថា ក្រោយពេលគេបញ្ជូនដល់មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីហើយ ប្តីរបស់នាងត្រូវគេកាត់ដៃទាំង២ ហើយពេលនេះជើងទាំង២របស់ប្តីនាងក៏នៅមានសភាពធ្ងន់ធ្ងរនៅឡើយ។
ស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទ្រហោយំតាមទូរស័ព្ទថា គ្រួសាររបស់នាងមានជីវភាពខ្វះខាតខ្លាំងណាស់ សូម្បីតែដីក៏គ្មាននៅដែរ គឺសុំផ្ទះគេជ្រកកោនបណ្តោះអាសន្នប៉ុណ្ណោះ និងមិនមានប្រាក់ចិញ្ចឹមកូនៗ និងមើលថែប្តីនោះទេ។ នាងសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសអាជ្ញាធរ មេត្តាជួយគ្រួសាររបស់នាងផង៕
ចែករំលែកព័តមាននេះ