សហរដ្ឋអាមេរិក ៖ កងកម្លាំងប៉ូលិសកាលពីថៃ្ងទី៦ ខែមករា ឆ្នាំ២០២១ ខិតខំជម្លៀសមនុស្សចេញ ខណៈពួកបាតុករគាំទ្រលោកដូណាល់ ត្រាំ ជាច្រើនពាន់នាក់បានលុកទន្ទ្រានចូលអុកឡុកក្នុងវិមានសភាកាពីតូល កាលពីរសៀលថ្ងៃទី៦ មករានោះ បណ្ដាលឲ្យមានការកាត់ផ្ដាច់នីតិវិធីបញ្ជាក់ ជាផ្លូវការដោយសភាទាំង២ ជ័យជម្នះរបស់លោកចូបៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកាកន្លងទៅ។
ការពុះកញ្ច្រោលដោយសារការថ្លែងរបស់លោកត្រាំ ក្នុងឱកាសនៃបាតុកម្មដែលរៀបចំធ្វើនៅក្រុងវ៉ាស៊ិនតោន ពួកបាតុករស្និទ្ធលោកត្រាំ ជាច្រើនពាន់នាក់ បានទម្លុះរបាំងសន្តិសុខមិនរឹងមាំការពារវិមានកាពីតូល កន្លែងជួបជុំរបស់សភាទាំង២អាមេរិក ដែលបែបនោះនាំឲ្យមានការអាក់ខានការងាររបស់សភាទាំង២ ដែលត្រូវបញ្ជាក់ពីជ័យជម្នះរបស់លោកបៃដិន។
ក្នុងបាតុកម្មនោះ បាតុករម្នាក់រហូតលុកចូលដល់ទីតាំង ដែលតាមធម្មតាកាន់កាប់ដោយប្រធានព្រឹទ្ធសភា ហើយបានស្រែកថា លោកត្រាំជាអ្នកឈ្នះក្នុងការបោះឆ្នោត។
នៅមុខពួកបាតុករ លោកត្រាំថ្លែងថា ដាច់ខាតយើងនឹងមិនចុះញ៉ម ទទួលស្គាល់បរាជ័យ។ លោកថា យើងជាអ្នកឈ្នះ ក្នុងការបោះឆ្នោត ហើយយើងដណ្ដើមបានជ័យជម្នះដ៏ទូលំទូលាយទៀតផង។ លោកត្រាំរហូតដល់ថា ឲ្យបណ្ដាសមាជិកសភានៃគណបក្សសាធារណរដ្ឋដែលមិនគាំទ្រការតវ៉ារបស់លោកថា ជាជនកំសាក និងគួរឲ្យអាសូរទៀតផង។
សមាជិកសភាគណបក្សនេះមួយចំនួន សម្ដែងសាមគ្គីភាពជាមួយលោកត្រាំ តែបានបញ្ជាក់ថា គេមិនត្រូវរារាំងដល់នីតិវិធី ចុងក្រោយមុនការធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់លោកបៃដិននាថ្ងៃទី២០ មករាខាងមុខនេះឡើយ។
សម្រាប់លោកត្រាំក្ដីសង្ឃឹមចុងក្រោយរបស់លោក ពឹងលើភាពស្មោះត្រង់ប្ដូរផ្ដាច់ជាមួយលោក របស់អនុប្រធានាធិបតីលោក MIKE PENCE ដែលជាអ្នកដឹកនាំសម៏យប្រជុំសភាទាំង២ បដិសេធមិនប្រកាសពីជ័យជម្នះរបស់លោកបៃដិន។ លោកត្រាំថា ប្រសិនបើ លោក MIKE PENCE ធ្វើរឿងដែលល្អ នោះយើងនឹងជាអ្នកឈ្នះការបោះឆ្នោត។ តែប្រសិនបើលោកមិនធ្វើទេ នោះនឹងជាទិវាដ៏សោកសៅមួយសម្រាប់ប្រទេសយើង។
សម្រាប់លោកបៃដិន ជាអ្នកឈ្នះក្នុងការបោះឆ្នោត ជាមួយសំឡេងគាំទ្រលោកដល់៧លានសំឡេងលើសលោកត្រាំយល់ថា ឥរិយាបថបែបនោះ របស់ពួកបាតុករមិនមែនជាការតវ៉ាឡើយតែជាការបះបោរមួយ។ លោកថា នោះមិនមែនជាបាតុកម្មមួយ តែជាការបះបោរ។ ខ្ញុំស្នើដល់ពួកបាតុករ ឲ្យដកខ្លួនថយហើយទុកឲ្យលទ្ធិ្ធប្រជាធិបតេយ្យដំណើរការ។ លោកស្នើដល់លោកត្រាំឲ្យថ្លែងតាមទូរទស្សន៍ដើម្បីឲ្យបញ្ឈប់ការអុកឡុកទីតាំងសភា។
ទីបំផុតក្នុងវីដេអូមួយចេញផ្សាយតាម TWITTER លោកត្រាំដែលអះអាងជាថ្មីថា ជ័យជម្នះរបស់លោកត្រូវបានគេលួចយក តែលោកបានស្នើដល់ពួកបាតុករគាំទ្រលោក ឲ្យចាកចេញពីវិមានសភា។ លោកថា ខ្ញុំសូមឲ្យលោកអ្នកវិលទៅផ្ទះវិញ យើងត្រូវការសន្តិភាព។ ក្នុងបាតុកម្មនោះ ក៏មាននារីបាតុករម្នាក់ដែលរងរបួសដោយគ្រាប់កាំភ្លើង ហើយក៏ត្រូវបានបាត់បង់ជីវិត។
តាមទូរទស្សន៍ CNN ដែលមិនធ្វើអត្ថាធិប្បាយច្រើន ព្រោះមិនចង់បង្កើតការប្រទូស្តរ៉ាយរបស់ខ្លួនជាមួយលោកត្រាំ តែអ្នកកាសែតជាច្រើនបានលើកថា នោះជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ និងចោទប្រកាន់លោកត្រាំថា ជាអ្នកទទួលខុសត្រូវ និងជាអ្នកលើកទឹកចិត្តដល់ការបះបោរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ