ខេត្តបាត់ដំបង ៖ ជនទមិឡម្នាក់ដែលបិទមុខជិត ហើយជិះម៉ូតូចូលទៅកាប់ប្រហារព្រះសង្ឃមួយអង្គ ដល់ក្នុងកុដិផ្អើលពេញវត្តឈើទាលទាំងកណ្ដាលថ្ងៃត្រង់ នៅស្រុកបាណន់ បណ្ដាលឲ្យរបួសធ្ងន់ ពេលនេះត្រូវកម្លាំងនគរបាលតាមឃាត់ខ្លួនបានហើយ។ នេះបើតាមលោក ប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ ដែលបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។
តាមរយៈទូរស័ព្ទ លោក ប៉ាន់ វ៉ាន់នី បានថ្លែងថា ជននោះត្រូវកម្លាំងរបស់លោកតាមចាប់ខ្លួនបានដល់ស្រុកសង្កែ នៅព្រឹកថ្ងៃទី០៣ មករា នេះ ក្រោយជននេះចូលទៅកាប់ព្រះសង្ឃមួយអង្គ ដែលគង់នៅក្នុងវត្តឈើទាល បណ្ដាលឲ្យរងរបួសធ្ងន់។ ប៉ុន្តែលោកអធិការមិនទាន់បានបញ្ជាក់ពីមូលហេតុដែលនាំឲ្យជននោះជិះម៉ូតូទៅកាប់ព្រះសង្ឃដល់ក្នុងកុដិនោះទេ។ លោកអធិការគ្រាន់តែបញ្ជាក់ថា ជននោះពិតជាជនសង្ស័យដែលបានកាប់ព្រះសង្ឃមែនហើយ តែមិនទាន់បានចម្លើយពីជននេះនៅឡើយទេ ព្រោះកម្លាំងកំពុងនាំខ្លួនជននេះទៅកាន់អធិការស្រុក ដើម្បីសាកសួរនាំ។
ព្រះតេជគុណ សូត្រ សុផុន ព្រះជន្ម៧២វស្សា គ្រូសូត្រឆ្វេងដែលគង់នៅ«វត្តឈើទាល» ស្ថិតនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ត្រូវជនទមិឡម្នាក់បិទមុខជិតជិះម៉ូតូចូលទៅកាប់ប្រហារដល់ក្នុងកុដិ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០២ មករា ខណៈព្រះសង្ឃនានាកំពុងគង់នៅក្នុងកុដិយ៉ាងស្ងាត់ស្ងៀម។ ប៉ុន្តែបានភ្ញាក់ផ្អើលពេញវត្ត ក្រោយពីនេនៗដឹងរឿងនេះស្ទុះទៅវាយរកាំងប្រកាសអាសន្នទាំងកណ្ដាលថ្ងៃត្រង់។ ព្រះតេជគុណ សូត្រ សុផុន ត្រូវជនទមិឡអត់សាសនានោះ ប្រើកាំបិតខ្វែវកាប់ត្រូវចំលើថ្ពាល់ខាងស្ដាំមួយកាំបិត និងរបួសម្រាមដៃម្ខាងទៀត។
បើតាមសង្ឃដីកា ព្រះតេជគុណ សូត្រ សុផុន ដែលរៀបរាប់ប្រាប់ព្រះសង្ឃនានា ក្រោយពេលកើតហេតុបន្តិចថា នៅពេលព្រះអង្គកំពុងសឹងនៅក្នុងកុដិសុខៗ ស្រាប់តែមានជនម្នាក់ដើរទៅគោះទ្វារកុដិហៅព្រះអង្គ ហើយពេលព្រះអង្គបង្ហើបទ្វារអើតមើលក៏ត្រូវជននោះកាប់មកលើព្រះអង្គទាំងកំរោលចំផ្ទៃមុខខាងស្ដាំ ដោយមិនបានសួរនាំអ្វីមួយម៉ាត់សោះ។ ព្រះអង្គត្រូវគេស្រង់ដីកាទៀតថា គ្រានោះព្រះអង្គបានប្រវាយប្រតប់ដណ្ដើមកាំបិតពីជនដៃដល់ រហូតធ្វើឲ្យព្រះអង្គរបួសរយៈដៃថែមទៀត តែជនបានរត់ចោលស្បែកជើង ចោលកាំបិត និងអាវរុំកាំបិត ហើយព្រះអង្គក៏ស្រែកផ្អើលព្រះសង្ឃនានានៅក្នុងវត្តតែម្ដង។
ក្នុងនាមសាក្សី ព្រះភិក្ខុ ខន អាន ដែលជួយអន្តរាគមន៍ក្នុងរឿងនេះភ្លាមៗ បានផ្ដល់បទសម្ភាសន៍ផ្ទាល់ថា ព្រះអង្គបានរត់ចុះពីកុដិក្រោយឮសំឡេងស្រែកឲ្យជួយ។ ពេលនោះព្រះអង្គឃើញព្រះតេជគុណ សុផុន យកដៃខ្ទប់មុខ ដែលពោរពេញទៅដោយឈាម ។ ព្រះអង្គបានប្រាប់ថា ស្របពេលនោះ ព្រះអង្គឃើញជនម្នាក់បិទមុខ (ជនដៃដល់) ស្លៀកពាក់ឯកសណ្ឋានពណ៌អាចម៌សេះ ស្រដៀងឯកសណ្ឋានប៉ូលិស បានរត់ទៅឡើងជិះម៉ូតូដែលទុកឆ្ងាយពីកុដិប្រហែល៥០ម៉ែត្រ រួចចេញពីក្នុងវត្តភ្លាមៗ ហើយគ្រានោះក៏មានការផ្អើលឆោឡោពេញវត្តតែម្ដង។
ដោយឡែកសាក្សីនៅក្រៅវត្តវិញ បាននិយាយថា មុនពេលកើតហេតុ គេបានឃើញជនបិទមុខនោះ ជិះម៉ូតូឆ្វែលនៅក្នុងវត្ត និងខាងក្រៅវត្តជាច្រើនជុំ ហើយចុងក្រោយគេឃើញជននោះឈប់ម៉ូតូទិញបារីនៅខាងមុខវត្ត។ សាក្សីបញ្ជាក់ថា ក្រោយពីទិញបារី ជននោះបានជិះម៉ូតូចូលក្នុងវត្ត លុះបន្តិចក្រោយមកក៏ស្រាប់តែមានការស្រែកឆោឡោ ហើយឃើញជននោះជិះម៉ូតូយ៉ាងលឿចេញពីវត្តឆ្ពោះទៅទិសខាងជើងបាត់។ ប៉ុន្តែពេលគេនាំគ្នារត់ទៅក្នុងវត្ត ស្រាប់តែឃើញព្រះតេជគុណ សូត្រ សុផុន ដែលល្បីល្បាញចេះស្រោចទឹកផង មានឈាមប្រឡាក់ជោកពេញផ្ទៃមុខ និងលើស្បង់ចីវរ ហើយបានប្រាប់គេឯងថា ត្រូវជនបិទមុខម្នាក់កាប់ព្រះអង្គឲ្យរបួស។
ពាក់ព័ន្ធនឹងករណីនេះ ព្រះគ្រូចៅអធិការវត្តឈើទាល ព្រះតេជគុណ ញ៉ិប ច័ណ្ទរិទ្ធិ បានមានសង្ឃដីកាថា ពេលកើតហេតុ ព្រះអង្គកំពុងសឹងនៅក្នុងកុដិដែរ ហើយពេលព្រះអង្គ សូត្រ សុផុន ស្រែកហៅឲ្យជួយព្រះអង្គក៏មិនឮសំឡេងដែរ តែបានដឹងនៅពេលនេនៗវាយរកាំងប្រកាសអាសន្នដ៏ចម្លែកទាំងកណ្ដាលថ្ងៃត្រង់។
ព្រះអង្គបានបញ្ជាក់ថា ពេលព្រះអង្គចេញមកមើល ស្រាប់តែឃើញព្រះអង្គ សុផុន និមន្តខ្ទប់មុខឈាមជោកជាំសំដៅមកកុដិព្រះអង្គ។ លុះសួរនាំ ទើបដឹកថា ព្រះអង្គត្រូវជនមិនស្គាល់មុខចូលកាប់ដល់ក្នុងកុដិ។ ព្រះអង្គមិនទាន់ដឹងថា អំពើហិង្សាទៅលើព្រះសង្ឃបែបនេះផ្ដើមចេញពីរឿងអ្វីទេ។ ប៉ុន្តែកន្លងទៅមានកូនសិស្សលោកម្នាក់សុំបួស តែព្រះអង្គមិនឲ្យបួស ព្រោះកូនសិស្សរូបនោះប្រើប្រាស់ថ្នាំញៀន ហើយក៏ចេញពីវត្តបាត់រហូតទៅត។ ទោះយ៉ាងណា ជនល្មើសបានរត់ចោលកាំបិតខ្វែវ១ អាវរុំកាំបិត១ និង ស្បែកជើង១គួរ និងបានប្រគល់ជួនសមត្ថកិច្ចហើយ។
ជុំវិញករណីនេះ អធិការស្រុកបាណន់ លោក ប៉ាន់ វ៉ាន់នី បានបញ្ជាក់ប្រាប់ថា ពេលនេះយើងឃាត់ខ្លួនជនដៃដល់បានហើយ គឺឈ្មោះ ហេង សារិន ហៅពៅ អាយុ២០ឆ្នាំ នៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង។ លោកបានបន្ថែមថា ជននេះធ្លាប់ធ្វើកូនសិស្សលោកនៅវត្តឈើទាល ។
បើតាមចម្លើយបឋមរបស់ជនទមិឡនេះបានសារភាពថា ខ្លួនពិតជាបានកាប់ព្រះសង្ឃ សូត្រ សុផុន មែន ដោយសារខឹងនឹងព្រះអង្គមិនឲ្យខ្លួនបួស។ ក្រោយស្ដាប់ចម្លើយបឋមរបស់ជនសង្ស័យ លោកប៉ាន់ វ៉ាន់នី បានធ្វើការសន្និដ្ឋានថា ករណីជនដៃដល់ខាងលើនេះ កាប់ទៅលើព្រះអង្គ សូត្រ សុផុន គឺផ្ដើមចេញពីរឿងគំនុំ តែជននេះហាក់មានសតិមិនប្រក្រតីទេ ពាក់ព័ន្ធនឹងការប្រើប្រាសគ្រឿងញៀន។ ទោះយ៉ាងណា ពេលនេះមន្ត្រីជំនាញកំពុងនាំខ្លួនជននេះមកកាន់អធិការ ដើម្បីសាកសួរតាមនីតិវិធី៕
ចែករំលែកព័តមាននេះ