ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងបរិវេណភោជនីយដ្ឋាន «ហេង ហេង» ក្រោយពីប្តីប្រពន្ធមួយគូបានផ្ទុះជម្លោះនឹងគ្នា ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចភោជនីយដ្ឋាន «ហេង ហេង» មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ២១A ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ករណីផ្ទុះអាវុធខាងលើនេះ ផ្តើមឡើងដោយជម្លោះរវាងប្តីប្រពន្ធ បានធ្វើឱ្យជនសង្ស័យឈានដល់ការផ្ទុះអាវុធនេះឡើងតែម្តង គឺបាញ់មេឃ ។ ជាមួយគ្នានេះ ជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។ ចំណែកភោជនីយដ្ឋាន «ហេង ហេង» ត្រូវបានសមត្ថកិច្ចសម្រេចបិទជាបណ្តោះអាសន្នផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពុំទាន់សុំការបញ្ជាក់បន្ថែមបានទេ ដោយសារលោកប្រាប់ថា កំពុងជាប់ប្រជុំ។
ចំណែកតាមប្រភពព័ត៌មានគួរឱ្យទុកចិត្តមួយអះអាងប្រាប់ឱ្យដឹងថា ជនបង្ក គឺមានឈ្មោះ វីរះ ជាតៃកុងឡានអ្នកមានអំណាចមួយរូប ហើយពេលនេះកំពុងមានអ្នករត់ការ ដើម្បីបញ្ចប់រឿងនេះ ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ