ខេត្តប៉ៃលិន ៖ ដើម្បីពង្រឹងលើប្រសិទ្ធភាព នៃការអនុវត្តសកម្មភាពការងារ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ គ្រប់ការិយាល័យទាំងអស់ កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន។ ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ថ្លែងក្នុងពេលផ្តើមកម្មវិធី លោកជំទាវ បាន ស្រីមុំ បានចាត់ឱ្យឲ្យប្រធានការិយាល័យទាំងអស់ឡើងធ្វើជារបាយការណ៍ វឌ្ឍនភាពការងារ ដែលបានអនុវត្តន៍កាលពីកន្លងមក ដើម្បីមានភាពជាក់ច្បាស់ទាំងអស់គ្នា។
ប្រភពបន្តទៀតថា បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលមន្ត្រីមកពីតាមបណ្តាមន្ទីរឡើងរាយការណ៍រួចមក លោកជំទាវ ក៏បានមានប្រសាសន៍ថា ៖ នៅក្នុងអាណត្តិដែលលោកជំទាវចូលមកកាន់តំណែងជាអភិបាលខេត្តថ្មីនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ កុំមានបារម្ភ ឬមួយភិតភ័យ ឬខ្លាចក្រែងរអែងចិត្តអ្វីនោះឡើយ ពោលគឺខិតខំប្រឹងប្រែងធ្វើការតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។ ម្យ៉ាងវិញទៀត សូមឱ្យមានស្នាមញញឹម និងបើកចិត្តទូលាយ កុំរើសអើង ឬប្រកាន់បក្សពួក ធ្វើយ៉ាងណាត្រូវគោរពពេលវេលា គឺម៉ោងធ្វើការឲ្យបានទៀងទាត់។ លើសពីនេះ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយគោរពទៅតាមលិខិតបទដ្ឋានគតិយុត្តិនានា របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។
លោកជំទាវក៏ជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការនៅក្រោមឱវាទទាំងអស់ ឱ្យចេះស្រឡាញ់ និងសាមគ្គីផ្ទៃក្នុងរវាងគ្នា និងគ្នា ត្រូវចេះជួយគ្នាទៅវិញទៅមក ដោយមិនប្រចាំគ្នានោះឡើយ។ ចំណែកមន្ត្រីរាជការ ដែលចូលរួមប្រជុំ ក្រោមអធិបតីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ បានយកចិត្តទុកដាក់ស្តាប់នូវប្រសាសន៍របស់លោកជំទាវ ដោយយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយកខ្លឹមសារទៅអនុវត្តឱ្យបានល្អប្រសើរ ដើម្បីបន្តអភិវឌ្ឍខេត្តប៉ៃលិន ឱ្យមានការរីកច្រើនជឿនលឿនទៅមុខ។ ហើយមន្ត្រីម្នាក់ៗ នៅតាមមន្ទីរនីមួយៗ ខិតខំបង្ហើយការងាររបស់ខ្លួន ដែលនៅសេសសល់ឱ្យបានរួចរាល់ និងទាន់ពេលវេលា៕ ដោយ ៖ នីយ៉ា
ចែករំលែកព័តមាននេះ