ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុខសញ្ញាក្រុមចោរជំនាញខាងលួចរថយន្ត បានធ្វើសកម្មភាពលួចយករថយន្តម៉ាកព្រុស ពណ៌ស មួយគ្រឿង កាលពីវេលាម៉ោងប្រហែល៤នោង៣០នាទីយប់ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ដោយបានបើកចេញទៅបាត់ ហើយម្ចាស់វិញក៏បានប្រញាប់រាយការណ៍បន្ទាន់ទៅសមត្ថកិច្ចភ្លាមៗ ដើម្បីជួយអន្តរាគមន៍តាមរករថយន្តដែលបាត់នោះ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តខាងលើម៉ាក ( Prius ) ពណ៌ស ស្លាកលេខ ភ.ព 2AG 1500 ជារបស់ឈ្មោះ វ៉ា លាងហេង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលបានចាក់សោទ្វារត្រឹមត្រូវ រួចចតនៅពីមុខផ្ទះល្វែងដូចសព្វមួយដង។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងទៀតថា លុះដល់ម៉ោង៤និង៣០នាទីយប់ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២៤ ធ្នូ ក៏ស្រាប់តែឮសូរសម្លេងរថយន្តបញ្ឆេះ ហើយម្ចាស់រថយន្តបន្តិចក្រោយមកក៏បានបើកទ្វារផ្ទះខាងមុខចេញមកមើល ក៏ឃើញរថយន្តរបស់ខ្លួននោះត្រូវបានចោរលួចបើកយកទៅបាត់ បន្ទាប់មកក៏ប្រញាប់រាយការណ៍ប្រាប់ទៅដល់កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សំបូរមាស ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីឲ្យជួយអន្តរាគមន៍តាមរករថយន្តដែលចោរលួចទៅបាត់នោះ។
បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចគឺបានបញ្ជាក់ថា ក្រោយពីចោរបានលួចយករថយន្តខាងលើបានសម្រេច ហើយពេលដែលបើកចេញទៅនោះ គឺមានរថយន្តពណ៌ខ្មៅមួយគ្រឿងទៀតដែលជារបស់បក្សពួករបស់ចោរលួចរថយន្តជនរងគ្រោះនោះ ជាអ្នកចាំបិទគូទពីខាងក្រោយផងដែរ។
ចំណែករថយន្តរបស់ជនរងគ្រោះដែលចោរលួចយកទៅនោះ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រទះឃើញនាព្រឹកព្រលឹមថ្ងៃទី២៤ ខែធ្នូ នេះ ហើយម្ចាស់ផ្ទះក៏បានរាយការណ៍មកកម្លាំងសមត្ថកិច្ចឲ្យបានដឹង និងចុះទៅពិនិត្យមើលរថយន្ត ទើបដឹងថា ជារថយន្តម៉ាក Prius ពណ៌សមួយគ្រឿងនេះ ព្រមទាំងស្លាកលេខរថយន្តដោយមានការផ្ទៀងផ្ទាត់ជាមួយនឹងរថយន្តដែលបាត់នៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម គឺពិតជារថយន្តដែលបាត់នោះមែន គឺត្រូវបានចោរយកមកប្លុងចោលនៅទីនេះ។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់រថយន្ត រួមជាមួយនឹងកម្លាំងនគរបាលនៃអធិការរដ្ឋានក្រុងកំពង់ចាម បានទៅទទួលយករថយន្តចោរលួចនោះ ដែលបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។ ជាមួយនោះ កម្លាំងនគរបាលទាំង២ខេត្តក៏បន្តស្រាវជ្រាវ ដើម្បីតាមវែកមុខរកក្រុមចោរដែលជំនាញខាងលួចរថយន្តយកមកផ្ដន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ