ខេត្តកំពង់ចាម ៖ បុរសជាជនជាតិបរទេសម្នាក់ត្រូវបានគេប្រទះឃើញចង.កនៅលើដើមកៅស៊ូដែលមានកម្ពស់ប្រហែល៤ម៉ែត្រ បណ្តាលឱ្យបាត់បង់ជីវិត ។ ពាក់ព័ន្ធនឹងករណីនេះ គេមិនដឹងពីមូលហេតុនោះទេ ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករចៀរជ័រកៅស៊ូ និងកម្លាំងសមត្ថកិច្ចចុះមកពិនិត្យ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ នៅឡូត៍កៅស៊ូ ស្ថិតនៅភូមិ៣៣ ឃុំចំការអណ្តូង ស្រុកចំការលើ ។
មន្ត្រីសាលាដំបូងខេត្តម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ២យប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០ ក្រុមកម្មករចៀរជ័រកៅស៊ូ បានឃើញម៉ូតូមួយគ្រឿងជិះពីផ្លូវជាតិលេខ៧១ ចូលមកក្នុងមូលដ្ឋានចំការកៅស៊ូលុះបានបន្តិចក៏ពន្លត់ម៉ាស៊ីនម៉ូតូ តែមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ថានឹងមានអ្វីកើតឡើងនោះទេ ។ រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី១៤ ធ្នូ កម្មករជាជ័រកៅស៊ូបាននាំគ្នាដើរប្រមូលទឹកចានជ័រកៅស៊ូ ក៏ស្រាប់តែប្រទះឃើញសពបុរសជនជាតិបរទេសម្នាក់ចង.កនៅលើដើមកៅស៊ូ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
មន្ត្រីសាលាដំបូងខេត្តប្រាប់បន្តថា បន្ទាប់មកក៏បានរាយការណ៍ទៅកាន់កម្លាំងប៉ុស្តិ៍រដ្ឋបាលចំការអណ្ដូងនឹងជំនាញព្រហ្មទណ្ឌស្រុកចំការលើ ឲ្យបានដឹង ព្រមទាំងបានដឹកនាំកម្លាំងចុះមកហ៊ុមព័ទ្ធកន្លែងកើតហេតុ ហើយមុននឹងធ្វើការពិនិត្យសព ក៏មានបាញ់ថ្នាំស.ម្លា.ប់មេរោគ ដើម្បីការការពារជំងឺឆ្លងផ្សេងៗផងដែរ។
មន្ត្រីសាលាដំបូងខេត្តប្រាប់បន្តទៀតថា តាមការពិនិត្យ និងឆែកនៅក្នុងហៅប៉ៅខោអាវជនរងគ្រោះ រកឃើញមានលិខិតឆ្លងដែនសំគាល់ខ្លួន ឈ្មោះ AHMEDOV DAVID អាយុ២៥ឆ្នាំ ជនជាតិ TURKMENISTAN ដែលជាលិខិតរបៀបទេសចរណ៍មកលេងនៅក្នុងប្រទេសកម្ពុជា ហើយជនជាតិនេះមិនមានស្ថានទូតប្រចាំនៅរាជធានីភ្នំពេញនោះទេ។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូមួយគ្រឿង សាក់កាដូមួយ លុយខ្មែរជាង៦ម៉ឺនរៀល ។
គួរកត់សម្គាល់ឃើញថា ទំនងជាមុននឹងឡើងចង.កនៅលើដើមកៅស៊ូ ជនរងគ្រោះបានចាក់សោកម៉ូតូត្រឹមត្រូវ ព្រមទាំងយកកូនសោដាក់ក្នុងហោប៉ៅរបស់ខ្លួន។
ក្រោយពីបានពិនិត្យរួចរាល់ សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចដឹកយកទៅកាន់នាយកដ្ឋានបច្ចេកទេសក្រសួងមហាផ្ទៃ ដើម្បីតម្កល់សាកសពទុកត្រឹមត្រូវ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនឹងករណីខាងលើនេះ គេមិនទាន់ស្រាវជ្រាវដឹងប្រភពច្បាស់លាស់ណាមួយដើម្បីបង្ហាញថាតើមកពីមូលហេតុអ្វី ទើបបានជាបុរសបរទេសម្នាក់ខាងលើនេះគិតខ្លី រហូតឈានដល់ការចង.កបញ្ចប់ជីវិតនៅលើដើមកៅស៊ូបែបនេះនោះទេ ។
នគរបាលនៅមូលដ្ឋានវិញបានប្រាប់ឱ្យដឹងដែរថា តាមរយៈប្រជាពលរដ្ឋដែលបានមកមើលសពជនរងគ្រោះ គេបានបញ្ជាក់ថា បុរសជនជាតិបរទេសដែលរងគ្រោះខាងលើនេះមិនមែនជាអ្នករស់នៅចំការលើនោះទេ។ ព្រោះមានម៉ូតូមួយគ្រឿងជាមធ្យោបាយ និងសាក់កាដូមួយដូច្នេះ អាចមកពីតំបន់ឆ្ងាយ ហើយឆ្លងកាត់ស្រុកចំការលើ។
សូមបញ្ជាក់ថា ទីតាំងឡូតិ៍កៅស៊ូក្នុងឃុំចំការអណ្ដូង ស្រុកចំការលើ ពីមុនមកពុំដែលធ្លាប់មានករណីចង.កនៅលើដើមកៅស៊ូនោះទេ ហើយនេះជាករណីទីមួយ ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្មករជាជ័រកៅស៊ូ នគរបាល និងមន្ត្រីសាលាដំបូងខេត្ត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ