ខេត្តកណ្ដាល ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង១២ និង៥នាទីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចគោអ្នកស្រុកមួយក្បាលបម្រុងយកទៅលក់។ ជនសង្ស័យឈ្មោះ លឹម សុខ ហៅធំ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
ចំណែកជនរងគ្រោះជាម្ចាស់គោឈ្មោះ លាស់ សុខខេន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមសមត្ថកិច្ចឲ្យដឹងថា មុនកើតហេតុជនរងគ្រោះ បានដឹកសត្វគោ៣ក្បាលមេ២ក្បាល និងកូន១ក្បាលយកទៅចងនៅចំណុចកើតហេតុខាងលើ។ ពេលនោះជនសង្ស័យបានដើរចេញពីផ្សារថ្នល់ទទឹងទៅទិសខាងកើត ក៏បានឃើញគោ៣ក្បាលហើយក៏ធ្វើសកម្មភាពស្រាយខ្សែគោញី១ក្បាលដឹកចេញទៅក្នុងគោលបំណងយកលក់នៅម្ដុំផ្សារថ្នល់ទទឹង។
ខណៈពេលដឹកគោទៅដល់ចំណុចភូមិទន្លាប់ខ្ពស់ត្បូង ឃុំដំណាក់អំពិល បានជួបសមត្ថកិច្ចនគរបាលមូលដ្ឋានកំពង់ដើរល្បាតក្នុងភូមិសាស្ត្រ ធ្វើឲ្យមានការឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ ពេលនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចគោញីមួយក្បាលនេះមែន ដែលបម្រុងដឹកយកទៅលក់គ្រាន់បានប្រាក់ចាយវាយ ប៉ុន្តែទីបំផុតដូចដឹកគោទៅរកប៉ូលិសឲ្យចាប់ខ្លួនទៅវិញ។ ដោយយោងទៅលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ នោះជាបទល្មើសជាក់ស្តែង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងតាមនីតិវិធី៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ