ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ដែលតែងតែមកកម្សាន្តមើលថ្ងៃរៀបលិច នៅសួនច្បារសេះស…ដែលមានទីតាំងស្ថិតនៅជាប់និងឆ្នេរសមុទ្រឯបរិវេណកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានសម្តែងការខកចិត្តយ៉ាងខ្លាំងខណៈពេលបានឃើញសួនច្បារកម្សាន្តខាងលើដែលមានទំហំប្រមាណជា១៥.០០០ម៉ែត្រការ៉េ បានហ៊ុមព័ទ្ធដោយរបងស័ង្កសីរួចចាក់សោបិតជិតយ៉ាងរឹងមាំថែមទាំងមានកម្លាំងសន្តិសុខយាមកាមយ៉ាងតឹងរឹងថែមទៀតផង ។
ប្រជាពលរដ្ឋនិងមន្ត្រីរាជការនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលកន្លងមកតែងតែនាំគ្រួសារកូនចៅ មកលេងកម្សាន្តនៅសួនច្បារសេះស ដើម្បីបានគយគន់និងបានថតផ្តិតយករូបភាពទេសភាពពេលថ្ងៃរៀបអស្តង្គតជាមួយផ្ទៃទឹកសមុទ្រ រំលេចដោយរលកសមុទ្រនិងប្រជុំដែនកោះតូច-ធំ នៅឯនាយនៃកោះរ៉ុងសន្លឹមតែពេលនេះត្រូវបានបញ្ចប់ ក្នុងភាពស្រមើស្រម៉ៃក្នុងភពអន្ធការទៅហើយដែលសង្ស័យចិនយក ។
ប្រភពខាងលើក្នុងលក្ខណ័សុំមិនបង្ហាញអត្តសញ្ញាណ បានបន្តឲ្យដឹងទៀតថា កន្លងមកថ្មីៗនេះ អ្វីដែលប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ-អន្តរជាតិមិននឹកស្មានដល់ទីតាំងសួនច្បារសេះសខាងលើ ដែលធ្លាប់តែផ្តល់សោភ័ណភាពដ៏ល្អត្រកាលផ្តល់ខ្យល់អាកាសបរិសុទ្ធជូនភ្ញៀវទេសចរជាតិ-អន្តរជាតិអាចញ៉ាំងអារម្មណ៍កាត់បន្ថយរោគស្ត្រេស៍នោះ ពេលនេះមិនគួរណាសួនច្បារខាងលើដែលធ្លាប់តែបម្រើឲ្យប្រយោជន៍សាធារណៈ បែរទៅជាជាប់ឃុំឃាំងដោយរបងយ៉ាងរឹងមាំថែមមានកម្លាំងយាមកាមយ៉ាងតឹងរឹងបែបនេះទេ ។
ពួកគេថា សង្ស័យខ្លាចសេះសលួចរត់បាត់ទេដឹង…? តែបើតាមគេខ្សឹបប្រាប់ថា រូបសំណាកសេះសនៅក្នុងសួនច្បារត្រូវបានគេមករំដោះយកទៅបាត់ហើយហោះចេញបាត់ហើយ បន្ទាប់ពីធ្វើរបងហ៊ុមព័ទ្ធនោះ គឺសេះសផាយទៅបាត់ហើយ ។ តាមប្រភពអចលនទ្រព្យនិយាយថា ទីតាំងនេះមានតម្លៃប្រមាណលើសពី៦០លានដុល្លារយ៉ាងផុយស្រួយ…ហេ ! ហេ !
មន្ត្រីនៅក្នុងកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សុំមិនបង្ហាញអត្តសញ្ញាណ បានបង្ហើបឲ្យដឹងថា ទីតាំងសួនច្បារដែលមានរូបសំណាកសេះស ឈរបង្អួតខ្លួនយ៉ាងសង្ហានៅចំកណ្តាលសួននិងគ្រប់គ្រងដោយកំពង់ផែអន្តរជាតិខេត្តកន្លងមកនេះ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់សម្រេចរឹបអូសយកដើម្បីធ្វើការវិនិយោគទៅជាខុនដូលំដាប់អន្តរជាតិ និងកំពង់ផែទេសចរណ៍លំដាប់អន្តរជាតិ ដោយមានរយៈពេលមិនក្រោមពី៥០ឆ្នាំទេ ហើយចំពោះក្រុមហ៊ុនដែលទទួលសិទ្ធបានក្នុងការវិនិយោគទីតាំងខាងលើលោកមិនបានដឹងច្បាស់ទេ ដោយហេតុថារូបលោកគ្រាន់តែជាមន្ត្រីឋានៈតូចតាចម្នាក់ប៉ុណ្ណោះ ។
លោកបានបញ្ជាក់ឲ្យដឹងបន្ថែមជាចុងក្រោយទៀតថា បើក្រុមហ៊ុនធុនខ្នាតតូចតាច ឬមធ្យម មិនមានភ័ព្វសំណាងមកទទួលសិទ្ធបានសម្រាប់ការវិនិយោគរាប់ឆ្នាំលើទីតាំងខាងលើនេះបានទេ…? មានតែក្រុមហ៊ុនស្ថិតក្នុងលំដាប់ខ្ពស់( VIP ) មានទាំងលុយ មានទាំងអំណាចជាន់ដីផ្អៀងទើបចូលមកឈរជើងលើទីតាំងសួនច្បារសេះសខាងលើនេះបាន ដែលតាមមាត់ចាបមាត់ព្រាបថា ខ្មែរអ្នកមានអំណាចគ្រាន់តែឈរឈ្មោះ គ្រាន់តែជាបង្គោលបេតុង ឯម្ចាស់វាពិតប្រាកដគឺចិន… ហេ ! ហេ !
មិនអាចទាក់ទងសុំការបំភ្លឺពីឯកឧត្តមអគ្គនាយកកំពង់ផែដែលជាម្ចាស់ដីបានទេ ព្រោះកូនចៅផ្ទាល់ប្រាប់ថា ជាប់រវល់ណាស់ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ