ខេត្តកំពង់ឆ្នាំង ៖ គិតត្រឹមម៉ោង៣ រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានធ្វើបច្ចុប្បន្នភាព ជនរងគ្រោះដោយសារការពុលស្រា បានកើតឡើងជាង១២០នាក់ ចំណែកឯអ្នកស្លាប់ក៏បានកើតឡើងចំនួន៧នាក់ផងដែរ ។
ដោយឡែកជនរងគ្រោះមួយចំនួនធំទៀតក៏បានចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញដែរ ។ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វ៉ុន បានប្រាប់ភ្នាក់ងារយើងយើងនៅរសៀលថ្ងៃទី៣០ វិច្ឆិកានេះថា ៖ ចំនួនជនរងគ្រោះដោយសារការពុលស្រា គិតត្រឹមរសៀលនេះបានកើតឡើងចំនួន ១២៧នាក់ ចំណែកអ្នកស្លាប់ក៏បានកើនឡើងដល់ចំនួន ៧នាក់ដែរ ដែលក្នុងនោះស្លាប់នៅផ្ទះ២នាក់,ស្លាប់នៅមន្ទីរពេទ្យខេត្ត២នាក់ ,ស្លាប់ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ១នាក់ ។
យ៉ាងនេះក្តី ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំងក៏បានបញ្ជាក់ដែរថា ចំនួនអ្នកធូរស្រាលបានចេញពីមន្ទីរពេទ្យខេត្ត មានចំនួន៩០នាក់ ,កំពុងសម្រាកព្យាបាលបន្តក្នុងមន្ទីរពេទ្យខេត្តចំនួន២៧នាក់ និងនៅមន្ទីរពេទ្យកាល់ម៉ែត្រចំនួន ៣នាក់ ។
ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ ពីបញ្ហាដែលបណ្ដាលអោយមានការពុល និងស្លាប់មនុស្សនេះដែរថា ៖ ជនរងគ្រោះទាំងអស់មិនមែនសុទ្ធសឹងតែជាអ្នកទៅកំដរបុណ្យសព បណ្តាលឱ្យមានការពុលនោះទេនោះទេ ។ តាមការពិតមួយចំនួនតូចទេ ដែលរងគ្រោះដោយសារទៅកំដរបុណ្យសព ពិសាស្រា ហើយពុល ។ ចំណែកអ្នកច្រើននាក់ទៀត ពួកគាត់បានពិសាស្រាជាប្រចាំ មុនពេលដែលមានការផ្ទុះការពុលស្រា នៅក្នុងពេលបុណ្យសពនោះទៅទៀត ។ ប៉ុន្តែលុះពេលមានអ្នកទៅកំដរបុណ្យសពដែលបណ្ដាលឱ្យមានការពុលស្រា ទើបផ្ទុះបញ្ហានេះឡើង ។
លោកប្រាក់ វ៉ុន ក៏បានបញ្ជាក់ទៀតថា ៖ បើទោះបី មិនទាន់ទទួលលទ្ធផលពីមន្ទីរពិសោធន៍ក៏ពិតមែន ប៉ុន្តែតាមការសន្និដ្ឋានរបស់លោក ស្រាដែលពួកគាត់ពិសាមានជាតិ «មេតាណុ»ខ្ពស់រហូតដល់អាចពិសាភ្លាមស្លាប់ភ្លាមក៏មានដែរ ។ នេះបើតាមបទពិសោធន៍ ដែលធ្លាប់កើតមានករណីពុលស្រាស នៅឃុំក្តុល ស្រុកទឹកផុស កាលពី២-៣ឆ្នាំមុន បណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករងគ្រោះជាច្រើននាក់ដូចគ្នានេះដែរ ។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបញ្ឈប់ការពិសាស្រាស ដែលគ្មានប្រភពច្បាស់ លាស់ចាប់ពីពេលនេះតទៅ ។ ករណីពុលស្រា ដែលបណ្តាលឱ្យមានមនុស្សជាង១០០នាក់រងគ្រោះនេះដែរ សមត្ថកិច្ចចម្រុះបានចុះទៅបិទទីតាំងផលិតស្រា និងដកហូតស្រាជាច្រើននៅតាមកន្លែងផលិត កន្លែងលក់ស្រានានា ក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ។
ដូចគ្នានេះដែរមនុស្ស ៤នាក់ ដែលជាអ្នកផលិត អ្នកលក់ស្រាបន្ត ក៏ត្រូវបានឃាត់ខ្លួនយកមកសួរនាំដែលអាចប្រឈមមុខចំពោះមុខច្បាប់ប្រសិនបើរកឃើញថាស្រាមានជាតិ មេតាណុលខ្ពស់ លើសបរិមាណ អាកុលធម្មតា ដែលបិតចេញពីអង្ករ ៕
ចែករំលែកព័តមាននេះ