រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលបានបង្កើតកម្មវិធីកញ្ចប់ជំនួយជួយដល់សហគ្រិនដែល និងកំពុងប្រឈមផលលំបាកដែលបង្កឡើងដោយវិបត្ដិជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ន។
ក្នុងពិធីប្រគល់រង្វាន់សហគ្រិនឆ្នើម និងការចុះហត្ថលេខាផ្ដល់ហិរញ្ញប្បទាននាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានលើកឡើងថា សហគ្រិនខ្មែរជឿជាក់ថា ជំនួយហិរញ្ញប្បទានកម្មវិធី កញ្ចប់ជំនួយសហគ្រិនខ្មែរនេះ ជាដំណោះស្រាយយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយ សម្រាប់គាំទ្រធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពលក្នុងការចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មឡើងវិញកំឡុងពេល និងក្រោយបរិបទវិបត្តិកូវីដ-១៩។
លោកបណ្ឌិតក៏បានបន្ថែមថា សហគ្រិនខ្មែរ នឹងបន្តរៀបចំ ក៏ដូចជា ធ្វើការជាមួយដៃគូពាក់ព័ន្ធដើម្បីកសាង និងជំរុញ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅប្រទេសកម្ពុជា។ ក្នុងខណៈពេលដែលវិបត្តិជំងឺកូវីដ១៩ បានផ្ដល់ផលប៉ះពាល់ពុំធ្លាប់មានពីមុនជាច្រើន ដល់វិស័យសហគ្រិនភាពនៅកម្ពុជា។ ការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គឺជាគន្លឹះដ៏សំ ខាន់មួយក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ។
លោកបានលើកឡើងទៀតថា សហគ្រិនខ្មែរ នឹងនៅតែបន្តដើរតួនាទីជាផ្នែកមួយក្នុងការចូលរួមផ្ដល់ជាយន្តការដោះស្រាយ និងគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុន តូច និងមធ្យមដើម្បីឆ្លងកាត់វិបត្ដិសកលនេះ។ សហគ្រិនខ្មែរ នឹងបន្ដដាក់ចេញកម្មវិធីកញ្ចប់ជំនួ យសហគ្រិនខ្មែរជុំទី៣ នៅឆ្នាំខាងមុខបន្តទៀត។
ជាមួយគ្នានោះដែរ លោកបណ្ឌិតតាមរយៈកម្មវិធីកញ្ចប់ជំនួយទាំងពីរជុំ សហគ្រិនខ្មែរទទួលបានពាក្យស្នើសុំសរុបពីធុរកិច្ចបង្កើតថ្មី ក៏ដូចជាសហគ្រាស ធុនតូច និងមធ្យមចំនួន ២៧៨ ដែលមកពីវិស័យផ្សេងៗគ្នាទូទាំង១៩រាជធានីខេត្ត។ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃដោយសហគ្រិនខ្មែរ និងគណៈកម្មាធិការដែលមកពីវិស័យឯកជនចំនួន១៩រូប សហគ្រិនខ្មែរ បានរកឃើញធុរកិច្ច បង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ចំនួន១២ ក្នុងជុំទី១ និងចំនួន ១៥ បន្ថែមទៀតក្នុងជុំទី២ ដែលមកពីវិស័យផ្សេងៗដូចជា កសិកម្ម/ក សិកម្មកែច្នៃ សិប្បកម្មកែច្នៃ សេវាកម្ម និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលទទួលបានកញ្ចប់ជំនួយ ជា ហិរញ្ញប្បទានដើម្បីចាប់ផ្ដើមអាជីវកម្មឡើងវិញ។
បន្ថែមពីនេះ សហគ្រិនខ្មែរ ក៏បានផ្ដល់ជាប្រាក់រង្វាន់ជូនទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ១៥ ផ្សេងទៀត ដែលបានចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធីនៃជុំទាំងពីរ ដើម្បីជាការលើកទឹកចិត្ត។
លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា ៖ «សម្រាប់កម្មវិធីកញ្ចប់ជំនួយទាំងពីរជុំនេះ សហគ្រិនខ្មែរបានប្រើប្រាស់ថវិការសរុបប្រមាណ ៤០០,០០០ ដុល្លារអាមេរិក ជូនទៅដល់ធុរកិច្ច បង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចាប់ពីចន្លោះ ៥,០០០ ដុល្លារទៅ ២០,០០០ ដុល្លារ ជាមួយនឹងលក្ខខណ្ឌប្រើប្រាស់កញ្ចប់ថវិការរយៈពេល១ឆ្នាំក្នុងការប្រតិបត្តិការអាជីវកម្ម»។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សហគ្រិនខ្មែរ ដែលជាអង្គ ភាពចំណុះឱ្យមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដើរតួជាឃ្នាស់ថ្មី ក្នុងការជួយផ្សាភ្ជាប់សហគ្រិនទាំងក្នុងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជាភ្នាក់ងារជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ជាគន្លឹះដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាក្នុងអាជីវកម្ម និងខ្សែច្រវាក់តម្លៃ និងបង្កើតជាម៉ូដែ លអាជីវកម្មថ្មីក្នុងប្រទេស។
លោកបន្តថា សមិទ្ធផលដែលក្រុមការងារបានសម្រេចកន្លងមក ពីកម្មវិធីរបស់ខ្លួនមានដូចជា កម្មវិធីជំនួយសហគ្រិនខ្មែរដែលជួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមក្នុងបរិការណ៍ជំងឺកូវីដ-១៩នេះ និងកិច្ចសហប្រតិបត្តិការជាដៃគូ នាពេលខាងមុខនេះជាមួយ ដៃគូអន្តរជាតិដូចជា ៖ 500 Startups សាកលវិទ្យាល័យ Stanford និងសហគ្រិន សិង្ហបុរី (Enterprise Singapore) ជាដើម។
លោកគូសបញ្ជាក់ថា ៖ «ទាំងនេះបានបង្ហាញថា គំរូអភិបាលកិច្ច និងអភិក្រមក្នុងការអនុវត្តកម្មវិធីរបស់យើងដែលមានលក្ខណៈបត់បែនរហ័សបានចាប់ផ្តើមបង្កើតសហថាមពលនៅក្នុងប្រព័ន្ធអេកូឡូស៊ីបានយ៉ាងល្អប្រសើរធានានូវសមតុល្យរវាងតម្រូវការរបស់ម្ចាស់អាជីវកម្ម និងគោលបំណងនៃកម្មវិធី និងសំខាន់ជាងនេះទៀត កិច្ចការទាំងនេះបានផ្តល់នូវទំនុកចិត្តយ៉ាងសំខាន់ទៅដល់ភាគីពាក់ព័ន្ធផ្សេងៗថាមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព(ម.អ.ស.) នឹងអាចសម្រេចនូវគោលដៅរបស់ខ្លួនដើម្បីធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពកម្ពុជាមានការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់សហគ្រិនក្នុងរយៈពេលវែងខាងមុខ»។
លោកក៏បានលើកឡើងថា សហគ្រិនខ្មែរពិតជាដៃគូរសំខាន់ ហើយអាចផ្តល់ការងារ និងផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងផ្សេងទៀតក្នុងការចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ហើយ បានចូលរួមក្នុងការជំរុញការកសាងមូលដ្ឋានថ្មីៗនៅកន្លែងប៉ូលសេដ្ឋកិច្ចនៅក្នុងរយៈពេលខាងមុខផងដែរ។
លោករដ្ឋលេខាធិការបានបន្តថា ក្រសួងសេដ្ឋកិច្ចក៏ដូចជា រាជរដ្ឋាភិបាលបានកំពុងខិតខំក្នុងការធ្វើការងារជាច្រើនទៀតដែលមានគុណភាព តម្លាភាព ប៉ុន្តែក៏មានបញ្ហាប្រឈមធំៗ ផងដែរ។
ដូច្នេះការបង្កើតឲ្យសហគ្រិនខ្មែរនេះ គឺជាការរៀបចំកំលាំងមួយសម្រាប់រុញ ច្រានកំណើនសេដ្ឋកិច្ចក៏ដូចជា ការអភិវឌ្ឍន៍កម្ពុជាក្នុងការចែករំលែកកំលាំងចូលរួមសម្រាប់ការអភិវឌ្ឍន៍ ក៏ដូចជាហេតុការណ៍ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍសហគ្រិនបាន មានចំណាប់អារម្មណ៍ថា សហគ្រិនខ្មែរ បានដើរតួជាស្ថាប័នផ្សាភ្ជាប់ភាគីពាក់ព័ន្ធចម្បងៗ (key stakeholders) ក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីលើកស្ទួយសហគ្រិនភាព។ លេខាធិការដ្ឋានមូលនិធិសហគ្រិនភាព សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះសហគ្រិនខ្មែរ ដែលបានរៀបចំកញ្ចប់ថវិកាពិសេសគាំទ្រសហគ្រិនធុនតូច និងមធ្យម (SMEs) ដែលស្របតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលគាំទ្រដល់ SMEs ទាំងក្នុងអំឡុងពេលនៃការរីករាត្បាតជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ។
សូមជម្រាបថា សហគ្រិនខ្មែរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានជាមួយធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន២៧ ដែលបាន ទទួលកញ្ចប់ជំនួយសហគ្រិនខ្មែរជុំទី១ និងជុំទី២ ។ សហគ្រិនខ្មែរ ជាស្ថាប័នក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលបង្កើតឡើង ដោយមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព តាមរយៈការអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូរដ្ឋ និងឯកជន។
ជាងនេះសហគ្រិនខ្មែរ ធ្វើការគាំទ្រទៅលើវិស័យអាទិភាព រួមមាន ធុរកិច្ច បង្កើតថ្មី បែបបច្ចេកវិទ្យា សេវាកម្ម ការកែច្នៃកសិ-ចំណីអាហារ កសិកម្មសម្រាប់ការនាំចេញ និងផលិតកម្មសម្រាប់ ជំនួសការ នាំចូល ដើម្បីគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច នវានុវត្តន៍ ការបង្កើន ផលិតភាព និងការបង្កើតការងារ។
សហគ្រិនខ្មែរ បានបង្កើតកម្មវិធីកញ្ចប់ជំនួយនេះឡើង ដើម្បីឆ្លើយតបទៅនឹងផលលំបាកបង្កឡើងដោយវិបត្ដិជម្ងឺកូវីដ-១៩ ដែលសហគ្រិនកម្ពុជា កំពុងតែប្រឈម។ កញ្ចប់ជំនួយនេះត្រូវបានអនុវត្តជោគជ័យចំនួនពីរដងរួចមកហើយ ដែលជុំទី១បានធ្វើឡើងនៅខែមីនា ខណៈជុំទី២ទើបតែបញ្ចប់កាលពីខែកញ្ញា។
កម្មវិធីកញ្ចប់ជំនួយ សហគ្រិនខ្មែរ នេះគឺជាដំណោះស្រាយយុទ្ធសាស្ត្រដ៏មុតស្រួចមួយ ដើម្បីបន្តឆ្លើយតបទៅនឹងបញ្ហាប្រឈមបង្កឡើងដោយវិបតិ្ដជំងឺកូវីដ-១៩ ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាកំពុងជួបប្រទះ ទាំងផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ៕
ចែករំលែកព័តមាននេះ