ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​នៅ​ក្បែរ​មាត់​ស្រះ សង្ស័យ​​ជាន់​ដាន​រឿង​លួច​ចេក​២​ស្ទង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​បាត់បង់​ជីវិត​នៅ​ក្បែរ​មាត់​ស្រះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​កំពង់​ព្រីង សង្កាត់​សិ​ត្បូ…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​បុរស​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​បាត់បង់​ជីវិត​នៅ​ក្បែរ​មាត់​ស្រះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​កំពង់​ព្រីង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ យ៉េ​ប សុខ​ក្រី អាយុ​៣២​ឆ្នាំ មុខរបរ អ្នក​នេសាទ ជា​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម រស់នៅ​តែ​លើ​ទូក ក្នុង​សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល ហើយ​ជន​រង​គ្រោះ​ស្លាកស្នាម​របួស​បែកក្បាល​ហូរ​ឈាម​ជា​ច្រើន​កន្លែង ដោយ​គេ​សង្ស័យ​ថា ជន​រង​គ្រោះ​អាច​ជាន់​ដាន​ចោរលួច​ចេកពងមាន់​២​ស្ទង ហើយ​ត្រូវ​គេ​ដេញ​វាយ​ផ្តាច់ជីវិត ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​សិ​ត្បូ ទទួល​បាន​ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​ពី​៣០​ទៅ​៤០​នាក់ ខ្លះ​មាន​កាន់​ដុំ​ថ្ម ខ្លះ​កាន់ដំបង​ឈើ បាន​នាំ​គ្នា​រត់​ដេញ​គប់ និង​វាយ​ទៅ​លើ​ជន​សង្ស័យ​​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ ដោយ​បាន​ស្រែ​កថា ជា​ចោរ​ធ្វើ​សកម្មភាព​លួច​ចេកពងមាន់​របស់​គេ​២​ស្ទង​នៅ​កោះអន្លង់ចិន ហើយ​រត់​ហែល​ឆ្លង​ទឹកទន្លេ​មក​ខាងក្រោយ​រោងចក្រ​ហ្គោ​ល​ហ្វែម​​នេះ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ ក៏​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​រង​គ្រោះ​បាន​ដេក​បាត់បង់​ជីវិត​នៅ​ជាប់​នឹង​មាត់​ស្រះ​បាត់​ទៅ​ហើយ ដោយ​មាន​របួស​ស្នាម​រយះ​ក្បាល​ហូរ​ឈាម​​ជា​ច្រើន​កន្លែង​ទៀត​ផង ។ បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ខេត្តកណ្តាល ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ និង​អាជ្ញាធរ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព ដោយ​ឃើញ​ថា សព​មាន​ស្នាម​បែក​បបូរមាត់​ក្រោម​ខាងស្តាំ ដាច់​ដល់​សាច់​ខាងក្នុង និង​មាន​​ស្នាម​​របួស ខាងលើ​ក្បាល​ប្រវែង​១០​ស​.​ម ជំរៅ​ដាច់​ដល់​លលាដ៍ក្បាល ។

ករណី​ខាងលើ​នេះ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​ប៉ះទង្គិច​នឹង​វត្ថុ​រឹង មុខ​មុត​លើ​ផ្នែក​ក្បាល​ធ្ងន់ធ្ងរ ។ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ថា ករណី​បុរស​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នោះ​ដោយសារ​តែ​មូលហេតុ​អ្វី​នៅឡើយ​ទេ គ្រាន់តែ​មាន​ពាក្យ​លេច​ចេញ​មាត់​មួយ​ទៅ​មាត់​មួយ​ថា ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​នោះ គឺជា​ជនសង្ស័យ​ជាន់​ដាន​ចោរលួច​ចេកពងមាន់​២​ស្ទង ហើយ​ត្រូវ​អ្នក​ស្រុក​ដេញ​វាយ និង​ប្រើ​ដំ​ថ្ម​គប់​រហូត​ដល់​បាត់​បង់ជីវិត រួច​ចោល​សាកសព​នៅ​មាត់​ស្រះ​តែ​ម្តង ។ យ៉ាងណា​ក្តី សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ