ប្រទេសវៀតណាម ៖ បន្ទាប់ពីព្យុះបានវាយប្រហារយ៉ាងខ្លាំងក្លាលើប្រទេសហ្វ៊ី៊លីពីន ដែលនៅទីនោះចំនួនអ្នកបាត់បង់ជីវិតឡើងដល់យ៉ាងតិច៦៧នាក់ លុះរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ព្យុះវ៉ាមកូ «VAMCO» ក៏បានវាយប្រហារមកលើប្រទេសវៀតណាមផងដែរ។
ជាការបង្ការអាជ្ញាធរវៀតណាម បានជម្លៀសមនុស្សជិត៦៥០.០០០នាក់ចេញ ក្នុងខេត្តចំនួន៧ នៅជាប់តំបន់ឆ្នេរសមុទ្រភាគកណ្ដាលប្រទេស ក្នុងគោលបំណងកាត់បន្ថយចំនួនជនរងគ្រោះ។ ឆ្នាំនេះជាឆ្នាំខ្មៅសម្រាប់តំបន់ភាគកណ្ដាលវៀតណាម ដែលជួបប្រទះនឹងព្យុះបន្តកន្ទុយគ្នា។ ព្យុះវ៉ាមកូ នេះ គឺជាព្យុះចុងក្រោយគេ ក្នុងចំណោមព្យុះ១៣ ដែលបោកបក់មកលើតំបន់ឆ្នេរសមុទ្រវៀតណាមតាំងពីដើមឆ្នាំមក។
រយៈពេល៦សប្ដាហ៍ចុងក្រោយនេះ ភាគកណ្ដាលវៀតណាម បានជួបប្រទះការលំបាកយ៉ាងខ្លាំងពិសេស ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ និងការបាក់ដី ដែលឆក់យកជីវិតមនុស្សយ៉ាងតិច១៥៩នាក់ និងបាត់ខ្លួន៧០នាក់ទៀត។
ទោះបីព្យុះវ៉ាមកូ បានចុះថមថយកម្លាំង ក្រោយបោកបក់លើហ្វ៊ីលីពីន តែវានៅបោកបក់ក្នុងល្បឿនខ្យល់ជិត១០០គីឡូម៉ែត្រក្នុង១ម៉ោង នាំឲ្យមានការខូចខាតធ្ងន់ធ្ងរ។ ដើមឈើទាំងឡាយត្រូវដួលរលំ ដំបូលផ្ទះនានាត្រូវប៉ើង។ ផ្ទះទាំងឡាយដែលរងការប៉ះពាល់ស្រាប់ដោយសារតែព្យុះមុនៗនោះ ពេលនេះក៏ត្រូវព្យុះថ្មីបានមកបំផ្លាញអស់ជាង៤០០.០០០ខ្នង។ ផ្លូវនានាត្រូវដាច់ ហើយស្ពានទាំងឡាយក៏បាក់ បណ្ដាចម្ការរងការបំផ្លាញ។
យោងតាមការព្យាករណ៍ឧតុនិយមចុងក្រោយថា ភ្លៀងធ្លាក់ខ្លាំងអាចចប់រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកាមេះ។
គួរបញ្ជាក់ថា នៅហ្វ៊ីលីពីន ទីភ្នាក់ងារជាតិបង្ការគ្រោះមហន្តរាយធម្មជាតិ បានប្រកាសនាថ្ងៃទី១៥ ខែវិច្ឆិកាថា តុល្យការនៃព្យុះ មហាប្រល័យចុងឆ្នាំនោះនៅហ្វ៊ីលីពីន ធ្វើឱ្យចំនួនអ្នកបាត់បង់ជីវិតកើនដល់៦៧នាក់។
ហើយប្រធានាធិបតីប្រទេសនេះ លោក RODRIGO DUTERTE ក៏បានចុះទៅកាន់ខេត្តកាហ្គាយ៉ាន ភាគខាងជើងប្រទេស ដើម្បីវាយតម្លៃសភាពការណ៍ក្នុងតំបន់ ដែលរងគ្រោះខ្លាំងបំផុតដោយសារតែទឹកជំនន់ផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ