សហរដ្ឋអាមេរិក-ចិន ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ដែលក្នុងការបោះឆ្នោតប្រធានាធិបតី បានចាញ់គូប្រជែងនៃគណបក្សប្រជាធិបតេយ្យលោកចូបៃដិន ក្ដី តែកាលពីថ្ងៃទី១២ វិច្ឆិកា បានចុះហត្ថលេខាលើក្រិត្យមួយ ដែលហាមឃាត់បណ្ដាពលរដ្ឋអាមេរិកមិនឲ្យបោះទុនវិនិយោគរកស៊ី ក្នុងបណ្ដាសហគ្រាសចិនដែលរដ្ឋាភិបាលរបស់លោកចោទប្រកាន់ថា ជួយទ្រទ្រង់ដល់សកម្មភាពយោធារបស់ក្រុងប៉េកាំង ។
ក្នុងក្រិត្យនោះប្រមុខសេតវិមានបញ្ជាក់ថា ការហាមឃាត់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១១
មករា ខាងមុខនេះទៅ ពោលគឺ៩ថ្ងៃមុនពេលលោកត្រូវចាកចេញពីសេតវិមាន និងការចូលកាន់
តំណែងរបស់លោកចូបៃដិន ។ តាមក្រិត្យនោះថា បណ្ដាពលរដ្ឋអាមេរិកដែលចូលរួមរកស៊ី និងមានផលប្រយោជន៍ហិរញ្ញវត្ថុដទៃៗទៀត ក្នុងបណ្ដាក្រុមហ៊ុនចិនទាំងនេះ មានពេលដល់ខែវិច្ឆិកាឆ្នាំ២០២១ដើម្បីដកខ្លួនថយ ។
ការប្រកាសនោះជាផ្នែកមួយនៃការវាយលុករបស់រដ្ឋការលោកត្រាំ ប្រឆាំងនឹងការពង្រឹងកម្លាំងរបស់ក្រុងប៉េកាំង ដែលប្ដេជ្ញាប្រជែងជាមួយអាមេរិកលើឆាកអន្តរជាតិស្ទើរតែក្នុងគ្រប់ផ្នែក សេដ្ឋកិច្ច យោធា នយោបាយ និងបច្ចេកវិទ្យា ។
លោកត្រាំអះអាងក្នុងក្រិត្យនោះថា ចិនបានធ្វើអាជីវកម្មកាន់តែខ្លាំងលើបណ្ដាមូលធនអាមេរិក
ដើម្បីអាចអភិវឌ្ឍន៍ និងធ្វើឲ្យទំនើបដល់បណ្ដាសកម្មភាពយោធា សេវាកម្មស៊ើបការណ៍ និងប្រព័ន្ធសន្តិសុខឯទៀតៗ ដែលអាចជាការគំរាមកំហែងដោយផ្ទាល់ចំពោះអាមេរិក និងកងទ័ពអាមេរិកនៅបរទេស ។
តាមលោកត្រាំថា ទឹកប្រាក់របស់បណ្ដាបុគ្គលអាមេរិក ដែលយកមកបោះទុនវិនិយោគក្នុងក្រុមហ៊ុនចិនទាំងនេះអាចឲ្យក្រុងប៉េកាំងអភិវឌ្ឍន៍អាវុធសម្លា.ប់រង្គាលនានា និងធ្វើការវាយប្រហារខាងព័ត៌មានវិទ្យាផងដែរ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ