ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសំពៅលូន ដែលមានកិច្ចសហការពីកម្កាំងនគរ បាលស្រុកម៉ាឡៃផង បានឃាត់ខ្លួនបុរសម្នាក់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹងថ្ងៃទី១០វិច្ឆិកា នៅចំណុចក្បែរភ្នំយាយសំ ក្នុងឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ជាមួយនឹងសត្វគោ២ក្បាលដែលជននេះបានលួចពីស្រុកសំពៅលូន ខេត្ត បាត់ដំបង។
យោងតាមរបាយការណ៍របស់អធិការស្រុកសំពៅលូនបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឆុង ឈីម អាយុ៣៤ឆ្នាំ រស់នៅភូមិព្រះអណ្ដូង ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ។ ជនត្រូវបានសង្ស័យថា បានធ្វើសកម្មភាពលួចយកគោចំនួន០២ក្បាល កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១០ វិច្ឆិកា ខណ:ម្ចាស់ចងនៅខាងមុខផ្ទះ ស្ថិតនៅចំណុចអូរយាយតា ស្ថិតក្នុងភូមិអូរកាច់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ដែលម្ចាស់គោឈ្មោះ សុខ ស្រីសួង ភេទស្រី អាយុ៤៥ឆ្នាំ។
សមត្ថកិច្ចបាននិយាយថា ក្រោយពីដឹងថាបាត់គោជនរងគ្រោះក៏បានរាយការណ៏ប្រាប់មន្ត្រីមូលដ្ឋាន ហើយមន្ត្រីក៏បានផ្ដល់ព័ត៌មាននេះទៅកាន់សមត្ថកិច្ចនៅតាមបណ្ដាស្រុកមួយចំនួននៅតំបន់នោះ។ លុះនៅព្រឹកថ្ងៃដដែលទើបគេប្រទះឃើញមុខសញ្ញជនសង្ស័យដែលកំពុងដឹកគោទាំង០២ក្បាលលួចបានគោចំនួន០២ក្បាល ហើយឃាត់សួរនាំទើបដឹងថា ជននោះជាចោរលួចគោពីស្រុកសំពៅលូន ហើយក៏ឃាត់ទាំងមនុស្សទាំងគោតែម្ដង។
ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជនសង្ស័យឈ្មោះ ឆុង ឈីម ជាមួយនឹងគោ០២ក្បាលមកកាន់អធិការនគរបាលស្រុកសំពៅលូន ដើម្បីសួរចម្លើយ មុនពេលបញ្ជូនបន្តតាមនីតិវិធីទៅកាន់ស្នងការខេត្ត។ បើតាមសមត្ថកិច្ចបានប្រាប់ថា គោទាំង០២ក្បាលនោះ បានប្រគល់ជួនជនរងគ្រោះវិញហើយ ដោយឡែកជនសង្ស័យ កំពុងរៀបចំបញ្ជូនទៅកាន់ស្នងការខេត្តចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ