ឥណ្ឌា៖ ចំនួនអ្នកជំងឺកូវីដ ១៩ មានការកើនឡើងជាបន្តបន្ទាប់នោះ ប្រទេសឥណ្ឌាក៏កំពុងត្រូវជួបប្រទះនឹងបរិយាកាសអាប់អួរពណ៌ត្នោត របស់ក្រុងញូវដែលី ក្នុងនោះ
លោកវេជ្ជបណ្ឌិតឯកទេស Davinder Kundra បានអះអាងថា ប្រទេសឥណ្ឌាកំពុងជួបបញ្ហា «ទុក្ខជាន់នឹងទុក្ខហើយ» ដែលមានបញ្ហាខ្យល់មិនល្អ បូកជាមួយនឹងបញ្ហាជំងឺឆ្លងកូវីដ ១៩ ផងនោះ ។ នេះបើតាមប្រភពព័ត៌មាន Bangkok Post ។
លោកវេជ្ជបណ្ឌិត Kundra គឺស្ថិតក្នុងចំណោមវេជ្ជបណ្ឌិតដែលកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលបញ្ហាខ្យល់របស់ទីក្រុងនេះបានឡើងដល់កម្រិតកំពូលនៃការបំពុល ស្របពេលដែលរលករាតត្បាតកូវីដ កំពុងវាយប្រហារមកលើមន្ទីរពេទ្យ។
រាល់រដូវកាលនៃការបំពុលបរិស្ថាន តម្រូវការគ្រែកើនឡើងនៅក្នុងរដ្ឋធានីដែលមានការបំពុលច្រើនជាងគេបំផុតនៅលើពិភពលោក ដោយសារតែការកើនឡើងនៃជម្ងឺសួតនិងជម្ងឺរលាកទងសួតរ៉ាំរ៉ៃ។
ឥឡូវករណីឆ្លងកូវីដបានវិលត្រឡប់មកវិញហើយ ក្រោយពីបានធូរស្រាលបានមួយស្របក់ ហើយករណីថ្មីបានរកឃើញដល់ទៅ ៧,០០០ករណីក្នុងមួយថ្ងៃ។ ការព្យាករណ៍ជាផ្លូវការខ្លះនិយាយថា តួលេខនេះអាចលើសពី ១២,០០០នាក់ឆាប់ៗនេះ។
ប្រទេសឥណ្ឌាមានចំនួនករណីខ្ពស់បំផុតទី២ នៅលើពិភពលោករួចទៅហើយ គឺ ៨,៥លាននាក់ នៅពីក្រោយសហរដ្ឋអាមេរិក។
ជាមួយនឹងការសិក្សាដែលផ្សារភ្ជាប់យ៉ាងខ្លាំងនូវការបំពុលបរិយាកាសចំពោះការកើនឡើងនៃការឆ្លងកូវីដ។ លោកវេជ្ជបណ្ឌិត Kundra បានមានប្រសាសន៍ថា៖ “សារធាតុល្អិតៗនៅក្នុងការបំពុលនេះ អាចដើរតួរជាអ្នកនាំយកវីរុសចូលក្នុងខ្លួនមនុស្ស ហើយចូលទៅជ្រៅនៅក្នុងសួត។ ដូចនេះទីក្រុងដេលី កំពុងប្រឈមនឹងគ្រោះមហន្តរាយទ្វេដង ដោយសារតែការបំពុលបរិស្ថាននិងករណីឆ្លងជម្ងឺកូវីដ។”
គួរបញ្ជាក់ផងដែរថា នៅពេលបច្ចុប្បន្ននេះ ឥណ្ឌាមានករណីឆ្លងកូវីដសរុបទូទាំងប្រទេសចំនួន ៨,៥៥៣,៨៦៤ករណី ករណីស្លាប់សរុបចំនួន ១២៦,៦៥៣ករណី និង ករណីជាសះស្បើយសរុបចំនួន ៧,៩១៥,៦៦០ករណី៕
ចែករំលែកព័តមាននេះ