ខេត្តព្រៃវែង ៖ គ្រាន់តែរយៈពេល២យប់ប៉ុណ្ណោះនៅខេត្តព្រៃវែង បានកើតមានហេតុការណ៌គ្រោះអគ្គិភ័យរហូតដល់ទៅ២ករណី នៅកន្លែង២ផ្សេងពីគ្នា បណ្តាលឱ្យរងការខូចខាតទាំង២កន្លែងនេះសរុបទាំងអស់ជាង៨ម៉ឺនដុល្លារ ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច រត់ចែកជើងគ្នាដើម្បីជួយអន្តរាគមពន្លត់ផងដែរ។
គ្រោះអគ្គិភ័យទី១ បានកើតឡើងកាលពីម៉ោង២០និង១៥នាទីយប់ ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ ផាត់ សម្បត្តិ ភេទប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅក្នុងភូមិឩត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៌ ខេត្តព្រៃវែង។
អគ្គីភ័យនេះ បានកើតឡើងប្រមាណតែ៣០នាទីប៉ុណ្ណោះ អណ្តាតភ្លើងក៏បានលេបត្របាក់ផ្ទះ១ខ្នង ទំហំ៤ម៉ែត្រ X ៦ម៉ែត្រ សង់ពីឈើដំបូលស័ង្កសី បណ្តាលឱ្យខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះជាច្រើនទៀត ដែលសរុបជាទឹកប្រាក់ប្រាណជាង៣ពាន់ដុល្លារ។
សមត្ថកិច្ចស្រុកពាមរក៌បានឱ្យដឹងថា អគ្គិភ័យនេះ បានកើតឡើងដោយសារមូលហេតុ ទុស្សេខ្សែភ្លើងនៅក្នុងផ្ទះ ហើយក្រោយពេលកើតហេតុ កម្លាំងអធិការនគរបាលស្រុក បានប្រើឡានទឹកបាញ់ទឹកពន្លត់អស់ទឹក២ឡាន ទើបអាចគ្រប់គ្រងស្ថានការ និងពន្លត់ភ្លើងបានជាស្ថាពរ ដោយមិនបានរាលដាលប៉ះពាល់ដល់ផ្ទះអ្នកជិតខាងនោះទេ ហើយហេតុការណ៍នេះ ក៏មិនបានបណ្តាលឱ្យមាននរណាម្នាក់រងរបួសនោះដែរ។
ដោយឡែកគ្រោះអគ្គិភ័យទី២ បានកើតឡើងនៅម៉ោង២និង៣០នាទីយប់ ថ្ងៃទី៧ ឈានចូលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ដោយអណ្តាតភ្លើងបានឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង ទំហំ៤០ម៉ែត្រ x ១០០ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ីង ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។
នៅក្នុងហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចស្រុក និងខេត្ត បានប្រើប្រាស់ឡានទឹកចំនួន៧គ្រឿង បាញ់ទឹកអស់ចំនួន២៧រថយន្ត និងប្រើពេលវេលាអស់ជាង៤ម៉ោង ទើបអាចគ្រប់គ្រងស្ថានការ និងពន្លត់ភ្លើងបានជាស្ថាពរ ចំណែកឯការខូចខាតទាំងអស់ក្នុងហេតុការណ៍នេះ បើតាមការប៉ាន់ប្រមាណសរុបមានចំនួន៧៨០០០ដុល្លារឯណោះ ប៉ុន្តែមិនបានបណ្តាលឱ្យមានអ្នកណាម្នាក់រងរបួសទេ ចំណែកមូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង៕
ចែករំលែកព័តមាននេះ