រាជធានីភ្នំពេញ ៖ ការផលិត ឬក៏ការធ្វើអាជីវកម្មក្នុងស្រុក មានអត្ថប្រយោជន៍ច្រើន ចំពោះមនុស្សជាតិ និងប្រទេសជាតិទាំងមូល សូម្បីតែការចំណាកស្រុកក៏អាចជួយកាត់បន្ថយបានដែរ ។ ដោយមើលឃើញថា អាជីវកម្មនៃការផលិតក្នុងស្រុក មើលទៅមិនមានការផលិតច្រើន ហើយការនាំចូលនៃផលិតផលពីក្រៅស្រុកច្រើនណាស់ក្នុងមួយថ្ងៃៗ ជាពិសេសប្រទេសជិតខាងនេះឯង (ជំនាន់ឆ្នាំ 1990 ជាង) ។
លោកស្រី កែវ មុំ ជានាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានថ្លែងថា «ដូចនេះ ខ្ញុំបានគិតថាប្រសិនជាយើងមានផលិតនៅក្នុងប្រទេសយើង គឺប្រាកដជាល្អណាស់។ ហើយខ្ញុំបានសម្រេចចិត្តបង្កើតការផលិតក្នុងស្រុកនេះ កាលពីឆ្នាំ ២០០២ ប៉ុន្តែខ្ញុំបានចំណាយពេល ៣ ទៅ ៤ ឆ្នាំ ទើបអាចរកនូវម៉ាស៊ីន ឧបករណ៍ផ្សេងៗ ដែលខ្ញុំត្រូវការនឹង យកមកផលិតបាន»។
លោកស្រីបានបន្តថា សម័យនោះដូចគ្រប់គ្នាបានដឹងស្រាប់ហើយ ក្នុងជំនាន់ខ្ទង់ឆ្នាំ ១៩៩០ជាង មិនទាន់មានភាពទំនើបដូចបច្ចុប្បន្ននេះទេ បើចង់រកអ្វីមួយ គឺពិបាកមែនទែនសម្រាប់យើង មិនមែនដូចឥឡូវទេ ពិភពលោក គឺស្ថឹតនៅក្នុងដៃយើង យើងត្រូវការអ្វី យើងគ្រាន់តែចុចតិចទៅចេញមកទាំងអស់ តែមួយភ្លែតប៉ុណ្ណោះគឺយើងអាចរកព័ត៌មានទាំងអស់ណឹងបានហើយ។ ប៉ុន្តែពីមុនយើងមិនមានទេ ត្រូវការពេលវេលា ត្រូវសួរនាំ ទម្រាំតែឆែកឃើញ យើងចំណាយពេលវេលាយូរឆ្នាំមែនទែន។
បើទោះជាយ៉ាងនេះក្តី លោកស្រីតែងតែធ្វើការតាំងចិត្ត និងលោកស្រីតែងគិតថា «គេធ្វើបាន យើងក៏ធ្វើបានដែរ» ។ បន្ថែមពីនេះ លោកស្រីនិយាយថា ក្នុងការបើកអាជីវកម្មនេះ លោកស្រីបានគិតគូទៅលើចំណុចជាច្រើន ដែលវាពិតជាបានជួយ និងផ្តល់អត្ថប្រយោជន៍ជាច្រើនជូនប្រជាកសិករ ការកាត់បន្ថយការចំណាកស្រុក និងជួយបង្កើនសេដ្ឋកិច្ចជាតិផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គឺអាហារសុវត្ថិភាពសម្រាប់កុមារ ក្នុងប្រទេសកម្ពុជា។
លោកស្រី កែវ មុំ បានបន្តថា មិនត្រឹមតែជួយអាជីវកម្មក្នុងស្រុកឱ្យរីកចំរើននោះទេ ប៉ុន្តែនៅពេលដែលប្រជាជនមានការងារធ្វើក្នុងស្រុកច្រើននោះ ពួកគេនឹងមិនធ្វើចំណាកស្រុកចេញទៅក្រៅប្រទេសដើម្បីរកការងារធ្វើនោះទេ។ លោកស្រីបានថ្លែងប្រាប់នូវចំណុចមួយចំនួនដែលបណ្តាលអោយលោកស្រី ចាប់ផ្តើមធ្វើអាជីវកម្មនេះ ៖
ទី១៖ យើងអាចផ្តល់នូវចំណីអាហារដែលមានសុវត្ថិភាព ដល់កុមារនិងប្រជាជនកម្ពុជាយើង។
ទី២៖ យើងផ្តល់ឳកាសដល់ប្រជាជនកម្ពុជាឱ្យមានការងារធ្វើ។
ទី៣៖ ការផ្តល់ដល់កសិករ ក្នុងការបង្ករបង្កើនផល និងដាំដុះលក់មកអោយក្រុមហ៊ុន។
ទី៤៖ យើងបានចូលរួមចំណែក កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ហើយក៏យើងបានចូលរួមជួយកាត់បន្ថយការចំណាកស្រុករបស់ប្រជាជនខ្មែរផងដែរ ។ ហើយលោកស្រី បន្ថែមថា ម្យ៉ាងវិញទៀតយើងក៍គិតថា ប្រសិនបើយើងផលិតនៅក្នុងស្រុក នោះយើងចំណេញថ្លៃដឹកជញ្ជូនរួចទៅហើយ៕
ចែករំលែកព័តមាននេះ