ខេត្តសៀមរាប ៖ រឿងអាស្រូវមួយត្រូវបានបែកធ្លាយ ដោយបុរសជាប្តីចុង បានចាប់រំលោភសេពសន្ថវៈលើកូនស្រីប្តីដើម រហូតនាងមានផ្ទៃពោះ ទើបម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងកម្លាំងនគរបាលខេត្តសៀមរាប ឲ្យធ្វើការឃាត់ខ្លួនប្តីរូបនេះ យកមកសួរនាំ ប៉ុន្តែអំឡុងពេលជាប់ឃុំនោះ ជនសង្ស័យចូលបន្ទប់ទឹក ក៏សំងំចង.ក សម្លាប់ខ្លួនតែម្តង ។
ជនសង្ស័យត្រូវឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរងគ្រោះ ក្នុងភូមិគោតធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីម្តាយជនរងគ្រោះ ទើបសមត្ថកិច្ចបានហៅជនសង្ស័យមានឈ្មោះ ស័ក្ត សំអូន ភេទប្រុស អាយុ៦២ឆ្នាំ មកធ្វើការសាកសួរ ។ បន្ទាប់មកជនសង្ស័យបានសារភាពថា ពិតជាបានរំលោភសេពសន្ថវៈលើកូនស្រីប្តីដើម ឈ្មោះក,ល,ហ អាយុ១៤ឆ្នាំ ប្រាកដមែន បានជាច្រើនលើករហូតនាងមានផ្ទៃពោះ៤ខែ ហើយខ្លួនតែងតែគំរាមនាងថា បើបែករឿងនឹងសម្លាប់ចោលទាំងម៉ែទាំងកូន ។ ក្រោយពីការសាកសួរនាំចប់ សមត្ថកិច្ចក៏សុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យតែម្តង ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនសង្ស័យទៅតុលាការ ។
ប៉ុន្តែអំឡុងពេលឃាត់ខ្លួន នៅក្នុងបន្ទប់ធ្វើការសមត្ថកិច្ចនោះ ជនសង្ស័យបានយកកន្សែងពោះគោរបស់គាត់ ចូលក្នុងបន្ទប់ទឹក សំងំធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯង នៅម៉ោងប្រមាណជាជិតភ្លឺ ថ្ងៃទី១៨ ខែតុលា នៅក្នុងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ខានខេត្តសៀមរាប ។
ករណីនេះ សមត្ថកិច្ចចម្រុះធ្វើការពិនិត្យសាកសព ឃើញថា ជនសង្ស័យបានធ្វើអត្តឃាតដោយចងកសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន ។ បច្ចុប្បន្ននគរបាលជំនាញបានប្រគល់សពទៅក្រុមគ្រួសារ ហើយបានចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ