លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) មិនដែលខ្មាសអៀនក្នុងការអួតអាងពីអំណាចទឹកប្រាក់ និងទ្រព្យសម្បត្តិស្តុកស្តម្ភដែលលោកមានទេ។ ប៉ុន្តែទម្លាប់ក្នុងការចាយវាយរបស់លោកបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនក្នុងពេលថ្មីៗនេះ។ ខាងក្រោមគឺជាទម្លាប់មួយចំនួនដែលអាចធ្វើឲ្យអ្នកភ្ញាក់ផ្អើល៖
១. ការកែច្នៃយន្តហោះផ្ទាល់ខ្លួន
លោកប្រធានាធិបតីខាងលើមានយន្តហោះផ្ទាល់ខ្លួនមួយដែលលោកបានទិញពីលោកមហាសេដ្ឋីផល អេឡេន (Paul Allen) ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Microsoft។ លោកត្រាំបានអះអាងថាលោកបានចំណាយប្រមាណ ១០០លានដុល្លារលើយន្តហោះនេះ ប៉ុន្តែយោងតាមសេចក្តីរាយការណ៍មួយរបស់ CNBC បានឲ្យដឹងថាលោកចំណាយមិនដល់ ៥០លានដុល្លារផង។ យោងទៅតាម Forbes បានឲ្យដឹងទៀតថា ការចំណាយលើការប្រើយន្តហោះនេះស្មើសរុបប្រមាណ ៨ពាន់ទៅ ១ម៉ឺន ៣ពាន់ដុល្លារក្នុងមួយម៉ោង។
បន្ទាប់ពីបានទិញយន្តហោះពីលោកអេឡេនហើយ លោកត្រាំបានចំណាយ ១០លានដុល្លារលើការកែច្នៃផ្សេងៗដែលរួមមានខ្សែក្រវ៉ាត់ស្រោបមាស ប៊ូតុងម៉ាស និងកន្លែងលាងដៃស្រោមមាសផងដែរ។
២. អាហារ Fast Food
លោកប្រធានាធិបតីត្រាំមិនដែលលាក់បាំងចំណង់ចំណូលចិត្តរបស់លោកសម្រាប់ McDonald’s និង KFC ទេ។ លោកធ្លាប់បានលើកឡើងពីមុខម្ហូបដែលលោកចូលចិត្តជាងគេប្រចាំ McDonald’s ថែមទៀតផងដែលថ្លៃប្រមាណពី ៤.៦៩ដុល្លារទៅ៧.៦៩ដុល្លារ។
៣. រថយន្តថ្លៃៗ
ទោះជាលោកប្រធានាធិបតីត្រាំមិនបើកបរដោយខ្លួនឯងពិតមែនក្តី លោកតែងតែមានអ្នកបើកបរដែលចាំជូនលោកទៅគ្រប់កន្លែង។ លោកក៏ធ្លាប់អួតពីរថយន្តថ្លៃៗដែលលោកមានផងដែរដូចជា Roll-Royce Phantom ឆ្នាំ ២០១៥ ដែលមានតម្លៃចាប់ពី ៤០ម៉ឺនដុល្លារ និង Mercedes-Benz S600 ឆ្នាំ ២០១៥ ដែលមានតម្លៃចាប់ពី១០ម៉ឺនដុល្លារផងដែរ។
៤. សម្លៀកបំពាក់
លោកប្រធានាធិបតីត្រាំពិតជាស្រលាញ់ប្រេន Brioni ដែលជាប្រេនអ៊ីតាលីណាស់សម្រាប់សម្លៀកបំពាក់របស់លោក។ ឈុតអាវធំមួយប្រចាំប្រេននេះមានតម្លៃប្រមាណ៤ពាន់ទៅ ៥ពាន់ដុល្លារទៅហើយ។
៥. រូបភាព និងគំនូរ
អ្នកមានជាច្រើនមានទម្លាប់ទិញរូបភាព និងរូបគំនូរ ហើយលោកត្រាំក៏មិនខុសពីអ្នកដទៃប៉ុន្មានដែរ។ នៅឆ្នាំ ២០១៣ លោកបានចំណាយ១០ម៉ឺនដុល្លារដើម្បីទិញរូបគំនូរនៃរូបរបស់លោក។ នៅឆ្នាំ ២០០៧ លោកក៏បានទិញរូបគំនូរនៃរូបខ្លួនលោកក្នុងតម្លៃប្រមាណ ២ម៉ឺនដុល្លារដែរ ៕
ចែករំលែកព័តមាននេះ