ខេត្តប៉ៃលិន ៖ គេសង្កេតឃើញប្រជាពលរដ្ឋ១ក្រុមបានដឹករទេះគោបុរាណតាមរ៉ឺម៉កម៉ូតូ ដើរលក់នៅក្នុងភូមិនានា ដោយនាំគ្នាធ្វើដំណើរតាំងពីខេត្តកំពង់ចាម ខេត្តកំពង់ធំ ឆ្លងដែនមកលក់ដូរនៅក្នុងខេត្តប៉ៃលិន លុះល្ងាចត្រង់កន្លែងណា នាំគ្នាសុំវត្តព្រះសង្ឃស្នាក់នៅបណ្តោះអាសន្ន រហូតដល់លក់ដាច់អស់ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ។ ការប្រទះឃើញប្រជាពលរដ្ឋដឹករទេះគោបុរាណលក់នេះ បានកើតឡើងកាលពីម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវត្តអូរច្រា ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីបុរសឈ្មោះ ចិន ចិត្ត អាយុ៤៥ឆ្នាំ រស់នៅភូមិត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម, បុរសឈ្មោះ ខឹម ថន អាយុ៤៨ឆ្នាំ និងបុរសឈ្មោះ ឌី យិន អាយុ៤៦ឆ្នាំ រស់នៅក្នុងភូមិត្រពាំងជ្រៃ និងភូមិតាឌុក ឃុំបល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរៀបរាប់ឱ្យដឹងដូចៗគ្នាថា ៖ ពួកគាត់បាននាំគ្នាដឹករទេះបុរាណ (រទេះសាឡី) ចេញពីខេត្តកំពង់ចាម ចំនួន១១គ្រឿង ដោយបើកបរម៉ូតូរ៉ឺម៉កឆ្លងកាត់ខេត្តកំពង់ធំ លក់ដូរនៅតាមដងភូមិក្នុងខេត្តនានា សម្រាប់ឈ្មួញដែលចង់ទិញយកទៅដាក់តាំងលំអនៅតាមគហដ្ឋាន ឬរមណីយដ្ឋានរបស់ខ្លួន ។
ប្រភពបន្តទៀតថា រទេះបុរាណទាំងអស់នេះ ធ្វើឡើងពីឈើគ្រញូង, ឈើធ្នង់, និងឈើកកោះជាដើម ហើយរទេះ១គ្រឿងលក់ក្នុងតម្លៃ៣៥០ដុល្លារ ដោយអាចបញ្ចុះតម្លៃខ្លះៗដែរ។ ការបើកបររ៉ឺម៉កម៉ូតូដើរលក់រទេះបុរាណនេះ ដែលពួកគាត់ទិញពីខេត្តកំពង់ចាម គឺដើរលក់ដូរនៅតាមភូមិអស់រយ:ពេល៣ថ្ងៃមកហើយ អត់ឃើញមានអ្នកទិញនោះទេ លុះមកដល់ខេត្តប៉ៃលិន មានម្ចាស់រមណីយដ្ឋាន និងផ្ទះសំណាក់ នាំគ្នាមកតថ្លៃ ដើម្បីទិញយកទៅដាក់តាំងលំអចំនួន៣ទៅ៤គ្រឿងដែរ ហើយពួកគាត់ក៏នៅបន្តលក់ដូរក្នុងខេត្តប៉ៃលិន រហូតដល់ដាច់អស់ ទើបនាំគ្នាត្រឡប់ទៅស្រុកកំណើតវិញ ។
ពួកគាត់បញ្ជាក់ថា រទេះបុរាណ (សាឡី) នេះ មិនសូវធំដូចរទេះដឹកកណ្តាប់ស្រូវនោះទេ ជារទេះគោដែលមានលក្ខណ:តូចអាចដឹកបានតិចតួចប៉ុណ្ណោះ ។ តែរទេះទាំងអស់នេះ មានចំណាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ ខណៈគេទិញយកទៅតាំងលំអ អាចទាក់ទាញឱ្យភ្ញៀវទេសចរចូលទៅលេងកាន់តែច្រើនថែមទៀត ព្រោះបច្ចុប្បន្ន រទេះគោស្ទើរតែជិតបាត់អស់រលីងទៅហើយ ។ ជាចុងក្រោយ ពួកគាត់ក៏សំណូមពរឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន សូមជួយទិញរទេះគោរបស់ពួកគាត់ផង ៕
ចែករំលែកព័តមាននេះ