ខេត្តបន្ទាយមានជ័យ ៖ អំណោយជាអង្ករ និងថវិការបស់អាជ្ញាធរក្រុងប៉ោយប៉ែត ព្រមទាំងថ្នាក់ដឹកនាំ សមត្ថកិច្ចក្នុងខេត្តបន្ទាយមានជ័យ រួមទាំងបងប្អូនជាអ្នកសារព័ត៍មានជាច្រើនអង្គភាពបានប្រគល់ជូនក្រុមគ្រួសាររបស់លោកមុត សារុន ជាភ្នាក់ងារកោះសន្តិភាពប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីគ្រួសារមួយនេះជួបទុក្ខផ្ទួនៗ ដោយប្រពន្ធនិងកូនប្រុស កើតជំងឺគ្រុនឈាម ទើបចេញពីមន្ទីរពេទ្យ ស្រាប់តែម្តាយបង្កើតដួលបាក់ដៃម្ខាងថែមទៀត។
បន្ទាប់ពីមើលឃើញទុក្ខលំបាករបស់អ្នកសារព័ត៌មានមួយរូបខាងលើនេះ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រីក្រោមឱវាទបាននាំយកអំណោយអង្ករចំនួន២ការ៉ុងស្មើនឹង១០០គីឡូក្រាម ថវិកា១លានរៀល, លោកឧត្តមសេនីយ៍ត្រីអ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ឧបត្ថម្ភចំនួន៥០ដុល្លាអាមេរិក, លោកពៅ ឬទ្ធី ហៅធីស្នាមេបញ្ជាការរងនគរបាលការពារព្រំដែនគោកលេខ៨៩១ ឧបត្ថម្ភចំនួន៦០ម៉ឺនរៀល, លោកវរសេនីយ៍នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ឧបត្ថម្ភចំនួន២០ម៉ឺនរៀល ។
លោកវរសេនីយ៍សៅ សារឿន អធិការនគរបាលស្រុកថ្មពួក ឧបត្ថម្ភចំនួន៣០ដុល្លារអាមេរិក, លោកវរសេនីយ៍សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ឧបត្ថម្ភចំនួន២០ម៉ឺនរៀល លោកឈុន ពេជ្រ ចាងហ្វាងគេហទំព័រនិងកាសែតសម្លេងជាយដែន ឧបត្ថម្ភចំនួន២០ម៉ឺនរៀល លោកផូ ប៊ុនថន ភ្នាក់ងារទូរទស្សន៍ហង្សមាស ព្រមទាំងអ្នកយកព័ត៍មានជាច្រើនអង្គភាពទៀតនៅក្រុងប៉ោយប៉ែតខ្លះ១០ដុល្លារ ខ្លះ២ម៉ឺនរៀល។
ក្រោយពីទទួលបានអំណោយខាងលើរួចមក លោកមុត សារុន និងក្រុមគ្រួសារបានថ្លែងអំណរគុណដល់លោកអភិបាលក្រុងប៉ោយប៉ែតក៍ដូចជាម្ចាស់អំណោយទាំងអស់ និងសូមជូនពរដល់ម្ចាស់អំណោយខាងលើទាំងអស់មានសុខភាពល្អ និងជោគជ័យរាល់ភារកិច្ច៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ