អន្តរជាតិ ៖ សម្ព័ន្ធអង្គការសិទ្ធិមនុស្សជុំវិញពិភពលោក បានជំរុញឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដកសិទ្ធិទីក្រុងប៉េកាំង ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ ២០២២ ជុំវិញកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន។
ការអំពាវនាវនេះ ធ្វើឡើងនៅពេលដែលប្រទេសចិន ប្រឈមមុខនឹងការត្រួតពិនិត្យជាសកល ជាមួយនិងប្រតិកម្មខ្លាំងៗ ជុំវិញការគាបសង្កត់របស់ខ្លួននៅក្នុងទីក្រុងហុងកុង និងការធ្វើសមាហរណកម្មដ៏ធំលើជនជាតិអៃហួ (Uyghur) នៅតំបន់ស្វយ័តស៊ីនជាំង។
លិខិតនោះចុះកាលបរិច្ឆេទ នៅថ្ងៃអង្គារ ទី ៨ ខែ កញ្ញា និងចុះហត្ថលេខាដោយក្រុមសិទ្ធិមនុស្សជាង ១៦០ ដែលបានផ្ញើទៅកាន់ប្រធាន IOC ដោយព្រមានថា ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២២ អាចរួមចំណែកដល់ការបង្ក្រាបជាច្រើនផ្សេងទៀត របស់ចិន។ ក្នុងលិខិតនោះ ពួកគេបានចោទប្រកាន់ថា បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំងរដូវក្តៅឆ្នាំ ២០០៨ បញ្ចប់ គេសង្កេតឃើញថា មានការកើនឡើង លើការវាយលុកទៅលើសហគមន៍ ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ចិន ជាបន្តបន្ទាប់។
លិខិតនោះបានសរសេរថា «ទោះបីជាមានការប្តឹងឧទ្ធរណ៍ ប៉ុន្តែ IOC បានធ្វើឲ្យមានកំហុសដដែលៗដូចអតីតកាល។ ហើយនៅតែមិនឆ្លើយតប ទៅនឹងភស្តុតាងនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃការការពារសិទ្ធិមនុស្សនៅមុន និងក្រោយពេលព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០០៨ នៅទីក្រុងប៉េកាំងបានបញ្ចប់»។
«IOC ត្រូវតែទទួលស្គាល់ថា ស្មារតីអូឡាំពិកនិង កេរ្តិ៍ឈ្មោះនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងរងការបំផ្លាញថែមទៀត ប្រសិនបើវិបត្តិសិទ្ធិមនុស្សកាន់តែអាក្រក់ឡើង នៅគ្រប់តំបន់ក្រោមការគ្រប់គ្រងរបស់ចិន ដែលមិនត្រូវបានគេអើពើ»។
កន្លងមក ប្រទេសចិនបានទទូចថា ជំរំឃុំឃាំងស៊ីនជាំង (ដែលត្រូវបានគេហៅ) វាគឺជាមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ ដោយអះអាងថា គោលនយោបាយរបស់ខ្លួន នៅក្នុងតំបន់ដូចជាស៊ីនជាំង និងទីបេ គឺដើម្បីធានាសន្តិសុខជាតិ និងប្រឆាំងនឹងភាពជ្រុលនិយម៕ (ដកស្រង់ចេញពី AFP)
ចែករំលែកព័តមាននេះ