វៀតណាម ៖ ក្មេងប្រុសជនជាតិវៀតណាមអាយុ១០ឆ្នាំម្នាក់ ត្រូវបានគេចាប់អារម្មណ៍លើបណ្តាញសង្គម បន្ទាប់ពីបង្ហោះរូបថតបញ្ចេញសាច់ដុំកង់ៗ ធ្វើឱ្យគេច្រឡំស្មានតែជាអ្នកកីឡាកាសទៀតផង។
ឪពុកម្តាយរបស់ ង្វៀន ហួងណាម (Nguyen Hoang Nam) អះអាងថា កុមារាម្នាក់នេះតែង តែមានសាច់ដុំជាងក្មេងដទៃទៀត ដែលមានអាយុប្រហែលគ្នា។ សូម្បីតែនៅពេលចាប់កំណើត គ្រូពេទ្យកត់សម្គាល់ឃើញថា គេមានសាច់ដុំលូតលាស់ច្រើនជាងទារកដទៃទៀត ហើយនៅអាយុ៦ឆ្នាំ រាងកាយរបស់គាត់មានសភាពមិនធម្មតា ដូច្នេះឪពុកម្តាយរបស់គាត់បាននាំគាត់ទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ។ នៅទីនេះ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាមមានលក្ខណៈស្រពេចស្រពិល ដោយពួកគេនិយាយថា វាជាជំងឺ Superman ដែលធ្វើឱ្យ ហួងណាម មានសាច់ដុំខុសក្មេងដទៃ។ តែវាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្វីធំដុំទេ។
អ្នកស្រី គឹមយូយឿន (Kim Uyen) ដែលជាម្ដាយបង្កើតរបស់កុមារារូបនេះ បានប្រាប់សារព័ត៌មាន Sao Star ថា ៖ «នៅពេលហួងណាមមានអាយុ៦ឆ្នាំ សាច់ដុំរបស់គាត់ឡើងធំខុសធម្មតា។ ដោយភ័យខ្លាចថា សាច់ដុំលូតលាស់អាចប៉ះពាល់ដល់សុខភាពទូទៅរបស់គាត់ ក្រុមគ្រួសារបាននាំគាត់ទៅមន្ទីរពេទ្យកុមារនៅទីក្រុងហូជីមិញ។ បន្ទាប់ពីធ្វើតេស្ត វេជ្ជបណ្ឌិតបាននិយាយថា កុមារមានជំងឺម្យ៉ាងហៅថា ជំងឺ Superman ដែលធ្វើឱ្យសាច់ដុំឡើងធំជាងធម្មតា តែមិនប៉ះពាល់ដល់សុខភាពទេ»។
ដោយសារតែសាច់ដុំធំៗពេក មនុស្សទូទៅបានច្រលំ ហួងណាម ថា ជាមនុស្សតឿ ដែលមានអាយុច្រើន។ តែសម្រាប់អ្នកដែលស្គាល់គាត់ច្បាស់ គឺដឹងយ៉ាងប្រាកដថា គាត់គឹជាក្មេងដែលមានការលូតលាស់ល្អ៕
ចែករំលែកព័តមាននេះ