ប្រទេសប៉េរូ ៖ ការរត់ជាន់គ្នាក្នុងហាងឌីស្គូមួយកន្លែង នៅក្នុងទីក្រុងលីម៉ា រដ្ឋធានីប៉េរូ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បណ្ដាលឲ្យមនុស្សបាត់បង់ជីវិតរហូតដល់ទៅ១៣នាក់ ខណៈពួកគេប៉ុនប៉ងរត់គេចពីប៉ូលិស ដែលលើកមកដើម្បីបង្ក្រាបការមិនគោរពបំរាមគោចរណ៍ ដែលដាក់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស COVID-19 ក្នុងប្រទេស។
ប្រមុខប៉ូលិសប៉េរូឧត្ដមសេនីយ អ័រ ឡានដូវេឡាស្កូ គូសបញ្ជាក់តាមវិទ្យុ RPP ថា ក្រោយប្រតិបត្តិការមួយរបស់ប៉ូលិសក្នុងហាងឌីស្កូមួយនៅ LOS OLIVOS មនុស្ស១៣នាក់បានត្រូវបានបាត់បង់ជីវិត។ ហើយនាយប់ថ្ងៃនោះ មនុស្សប្រមាណជា១២០នាក់បាននាំគ្នាទៅកាន់ហាងឌីស្កូនេះ ដើម្បីប្រារព្ធពិធីខួបមួយ រួចបង្ហោះតាមបណ្ដាញសង្គមទៀត ទោះបីជាមានបំរាមគោចរណ៍ និងការហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំមនុស្សក្ដី ។ ក្រោយមកប៉ូលិសបានលុកចូលទៅក្នុងហាងនោះ ដែលស្ថិតនៅ LOS OLIVOS ជាសង្កាត់មានប្រជាប្រិយមួយនៃក្រុងលីម៉ា។
ក្នុងសេចក្ដីប្រកាសមួយក្រសួងមហាផ្ទៃប៉េរូគូសបញ្ជាក់ថា ប្រឈមមុខនឹងអន្តរាគមន៍របស់ប៉ូលិស ដែលមិនបានប្រើអាវុធណាមួយ ឬគ្រាប់បែកបង្ហូរទឹកភ្នែកនោះឡើយ តែពួកអ្នកចូលរូមក្នុងពិធីជួបជុំនេះ គ្រាន់តែឃើញប៉ូលិសទៅដល់ក៏បានប៉ុនប៉ងរត់គេចខ្លួនតាមទ្វារ និងជណ្ដើរតែមួយ។ ពួកគេរត់បែបនេះ ដើម្បីចៀសវាងពីការចាប់ខ្លួនរបស់ប៉ូលិស តែបែរជានាំឲ្យមានសោកនាដកម្មទៅវិញ ។ ពួកគេរត់គេចពីប៉ូលិស ព្រោះច្បាប់ប៉េរូ គ្រោងឲ្យមានការទោសដាក់គុកនិងការពិន័យដល់ទៅ១១០ដុល្លារ ចំពោះការរំលោភបំពានវិធានការដែលរដ្ឋបានចាត់ ដើម្បីតស៊ូប្រឆាំងការឆ្លងរាលដាលនៃវីរុស។
ក្រៅពីអ្នកបាត់បង់ជីវិត ១៣នាក់ នៅមានមនុស្ស៣នាក់ទៀតរងរបួស រួមជាមួយប៉ូលិស៣នាក់ ដែលប៉ុនប៉ងជួយសង្គ្រោះបណ្ដាអ្នកនៅជាប់ក្នុងហាងឌីស្កូនោះ។ បណ្ដាជនរងគ្រោះមានអាយុពី២០ទៅ៣០ឆ្នាំ។ ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង១៣នាក់នោះ ក៏មាននារី១២នាក់ និងបុរសម្នាក់ផងដែរ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ