ខេត្តប៉ៃលិន ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានរថយន្តសណ្តោងរ៉ឺម៉កថៃមួយគ្រឿងបានបើកបរល្បឿនលឿននៅក្នុងក្រុងប៉ៃលិន រួចក៏បានគៀរម៉ូតូមួយគ្រឿង ខណៈជិះបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិត និងរងរបួសធ្ងន់-ស្រាល២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខអាហារដ្ឋានផ្ទះជុំគ្រួសារ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ១- ឈ្មោះ ឡឹប ប្រុស ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប៉ៃលិន ១B-៩០៧៩ ក្នុងទិសដៅពីលិចទៅកើត (រងរបួសស្រាល)។ ២- ឈ្មោះ ដាំ រ៉ាវ៉ាឌី ភេទស្រី អាយុ១៨ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់)។ ៣- ឈ្មោះ ហៀក ម៉ាលីន ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (បាត់បង់ជីវិតនៅនឹងកន្លែង) ។
សេចក្តីរាយការណ៍បន្តទៀតថា ចំណែកភាគីរថយន្តថៃមិនទាន់ស្គាល់អត្តសញ្ញាណ ព្រោះតែក្រោយពេលបង្កហេតុបានបើកបររត់គេចខ្លួន គឺជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញ ពាក់ផ្លាកលេខថៃ បើកបរក្នុងទិសដៅពីកើតមកលិច ។
ប្រភពបន្តទៀតថា ចំពោះមូលហេតុ គឺដោយសារតែរថយន្តថៃបានបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ លុះជែងមិនផុត ក៏បណ្តាលឱ្យកន្ទុយរថយន្តបុកប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឱ្យខ្ទាតចូលរថយន្តកិនជនរងគ្រោះម្នាក់បណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗគួរឱ្យអាណោចអាធ័មតែម្តង ។
ករណីខាងលើនេះ សពជនរងគ្រោះត្រូវបានគេប្រគល់ជូនសាច់ញាតិរួចហើយ ។ ចំណែកអ្នករងរបួសធ្ងន់-ស្រាល ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ បច្ចុប្បន្នកម្លាំងនគរបាល កំពុងចាប់ឃាត់រថយន្តថៃសង្ស័យ១គ្រឿង ដែលមានភិនភាគខាងលើ ដើម្បីត្រួតពិនិត្យ ។
ចំណែកប្រជាពលរដ្ឋរិះគន់ និងសំណូមពរឱ្យខាងនគរបាលចរាចរណ៍ ចុះតាមគោលដៅអប់រំដល់អ្នកបើកបររថយន្តធំៗកុំឱ្យល្មើស ដោយបើកបរហួសល្បឿនកំណត់នៅក្នុងក្រុង ជាពិសេសរថយន្តថៃតែម្តង បើកបរពុំសូវគោរពច្បាប់ចរាចរណ៍នោះឡើយ ហើយក៏ធ្លាប់បង្កគ្រោះថ្នាក់ជាញឹកញាប់ផងដែរ ៕
ចែករំលែកព័តមាននេះ