ខេត្តកំពង់ស្ពឺ ៖ ក្រោមលេសឈូសដីប្លង់១ តែមួយប្លង់តូចទេ ស្រាប់តែក្រុមឈ្មួញបានដាក់គ្រឿងចក្រឈូសដីព្រៃរបស់រដ្ឋ ដើម្បីលក់ឱ្យចិនក្នុងតម្លៃរាប់សិបម៉ឺនដុល្លារ ដោយគ្មានខ្លាចរអារច្បាប់បន្តិចណាទាល់តែសោះ។ សកម្មភាពនេះ ទំនងជាគេអាងខ្នងបង្អែកក្រុមប្រឹក្សាស្រុកសំរោងទងមួយរូបជាអ្នករត់ការហើយ។
ការឈូសដីនេះ ធ្វើឡើងនៅចំណុចក្បាលដំរី ភូមិលាក់តាន និងភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ថៅកែគ្រឿចក្របានឱ្យដឹងថា ឈ្មោះ ខន រស់ នៅក្រុងច្បារមន ចំណែកបុរសដែលឈរឈ្មោះ និងធ្វើកុងត្រាឈ្មោះ សំ ពែល រស់នៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រីឯអ្នករត់ការឯកសារជាក្រុមប្រឹក្សាស្រុកសំរោទងឈ្មោះ គង់ ប៊ុនហ៊ុន។
បើតាមប្រជាពលរដ្ឋជាច្រើនរស់នៅតំបន់ខាងលើបានរៀបរាប់ថា ក្រុមឈ្មួញដំបូងឡើយបានយកគ្រឿងចក្រឈូសលើដីប្លង់០១ របស់ប្រជាពលរដ្ឋ ពេលនោះក៏មានការតវ៉ាមិនឱ្យឈូស តែត្រូវក្រុមឈ្មួញអះអាងថា ដីដែលពួកគេឈូសជាដីព្រៃរបស់រដ្ឋ គេមានអ្នករត់ការជាមួយថ្នាក់លើរួចអស់ហើយ មិនបាច់មកតវ៉ានោះទេ។
ក្រុមពលរដ្ឋបន្តថា ក្រុមឈ្មួញដែលមានឈ្មោះ សំ ពែល ជាអ្នករៀបចំដីលក់ឲ្យចិនបានធ្វើកុងត្រាជាមួយចិន នៅលើផ្ទៃដីទំហំប្រមាណជា 60 ហិកតា ក្នុងហ្នឹងដីមានប្លង់រឹង (01) តិចតួចទេ។ ក្រៅពីហ្នឹង គឺសុទ្ធតែដីព្រៃទាំងអស់។
ពលរដ្ឋអះអាងថា ឥឡូវហ្នឹងពួកគេបានដាក់គ្រឿងចក្រចូលមកឈូសឆាយ ហើយការឈូសឆាយហ្នឹងទៀត សោតក៏ប៉ះពាល់ទៅលើដីប្លង់០១ របស់ពួកគាត់ដែលនៅជិតនឹងដែរ បើទោះជាពួកគាត់បានឃាត់យ៉ាងណា ក៏ក្រុមគ្រឿងចក្រមិនស្តាប់ដែរ។
តាមការនិយាយប្រាប់របស់លោក ភា អនុប្រធានភូមិក្បាលដំរី គាត់បានបញ្ជាក់ប្រាប់ថា ដីដែលឈ្មួញកំពុងឈូសហ្នឹងមានប្លង់រឹង តែ1ប្លង់ហ្នឹងគឺតិចតួចទេ ក្រៅពីនោះគឺសុទ្ធតែជាដីដែលអត់មានប្លង់ ។ លោកអនុភូមិបន្តថា និយាយរួមសុទ្ធសឹងជាដីព្រៃ តែគេប្រើរូបភាពថាសុំឈូសដីប្លង់០១ ដើម្បីបន្លំភ្នែកថ្នាក់ដឹកនាំតែប៉ុណ្ណោះ។
បុរសម្ចាស់គ្រឿងចក្របានប្រាប់ផងដែរថា ម្ចាស់ដីដែលទាក់ទងគាត់ឲ្យឈូសហ្នឹង គឺគេអះអាងប្រាប់គាត់ថា មានប្លង់ត្រឹមត្រូវ ហើយបានស្នើសុំធ្វើការឈូសឆាយទៅខេត្តរួចហើយ។
ដោយឡែកលោក មួ ងធី អភិបាលស្រុកឱរ៉ាល់ បានប្រាប់តាមទូរស័ព្ទថា ករណីហ្នឹង លោកបានអោយក្រុមការងារស្រុកចុះទៅត្រួតពិនិត្យដែរ ដើម្បីស្នើសុំច្បាប់ឈូសឆាយ។ តែចុងក្រោយលោកបានបញ្ជាក់ថា សង្ស័យតែគេឈូសដីដែលមានប្លង់០១ ហើយមើលទៅទើបគេហ៊ានធ្វើបែបនេះ។
សូមបញ្ជាក់ថា ក្រុមឈ្មួញបានចាប់ផ្ដើមឈូសឆាយតាំងពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ដែលរហូតមកដល់ថ្ងៃទី12 សីហា ឆ្នាំ2020 នេះ ក្រុមឈ្មួញនៅតែបន្តសកម្មភាពឈូសដីព្រៃដដែល ដោយគ្មានការអើពើឃាត់ពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធណាមួយឡើយ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ