ខេត្តរតនគិរី ៖ បើសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានចុះសហការជាមួយស្នងការដ្ឋានគរបាលខេត្តរតនគិរី ក្រចេះ និងខេត្តត្បូងឃ្មុំ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ជាឃាតករក្នុងករណីចាក់ជនរងគ្រោះ២នាក់ផ្តាច់យកជីវិត ពាក់ព័ន្ធរឿងប្រចណ្ឌ ។
សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ សេត លី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
សេចក្តីរាយការណ៍បន្តថា កាលពីម៉ោង៨យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពវាយ និងចាក់ ព្រមទាំងអារ.កជនរងគ្រោះផ្តាច់យកជីវិតចំនួន២នាក់ ដោយមានម្នាក់ឈ្មោះ គឹម សារឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មករ និងម្នាក់ទៀតឈ្មោះ បាក់ ណាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករដូចគ្នា ។
ក្រោយពីមានហេតុការណ៍នេះកើតទ្បើង កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះធ្វើការស្រាវជ្រាវ និងឈានទៅដល់កំណត់មុខសញ្ញាជនសង្ស័យ រួចក៏ស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ដើម្បីបន្តនីតិវិធី ។
កិច្ចសហប្រតិបត្តការរបស់សមត្ថកិច្ចបានប្រើអស់រយៈពេល១០ថ្ងៃ ទើបរហូតឈានដល់ម៉ោង៥រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ឃាតករត្រូវបានចាប់ខ្លួននៅចំណុចជាំភីង ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ និងអារ.កផ្តាច់យកជីវិតជនរងគ្រោះទាំងពីរនាក់នៅចំណុចចំការចេក ការដ្ឋានទី២ ក្នុងក្រុមហ៊ុនហ័ងអាញ់យាំទ្បាយ ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ពិតប្រាកដមែន ។ ហើយមូលហេតុដែលខ្លួនធ្វើបែបនេះ គឺដោយសារតែឈ្មោះ បាក់ ណាន បានលួចសហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ។
ក្រោយពីមានចម្លើយសារភាពគ្រប់គ្រាន់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យជនសង្ស័យខាងលើ ឱ្យទៅខាងជំនាញស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនជនជាឃាតករទៅកាន់សាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ