ខេត្តកំពង់ស្ពឺ ៖ សហគមន៍ព្រៃឈើសែនមនោរម្យដែលស្ថិតនៅក្នុងឃុំហោងសំណំស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទំហំផ្ទៃដី 447 ហិកតា ដែលជាដីព្រៃបំរុងរបស់រដ្ឋ ពេលនេះលេចឮពាក្យចចាមអារ៉ាមថា ត្រូវបានខាងរដ្ឋបាលព្រៃឈើសង្កាត់សង្កែសាទប និងផ្នែករដ្ឋបាលព្រៃឈើឪរ៉ាល់ ឃុបឃិតគ្នាលក់យកលុយចែកគ្នាធ្វើមានបាន ដោយយកចំណែកតូចមួយយកមកចែកជូនប្រជាពលរដ្ឋកុំឲ្យមានការបះបោរតវ៉ា។
យោងតាមប្រភពបានបង្ហើបឲ្យដឹងថា អ្នកដែលត្រូវបានគេចែកចំណែក គឺមានតែប្រជាពលរដ្ឋរស់នៅក្នុងភូមិមនោរម្យតែប៉ុណ្ណោះ ក្នុងនោះមួយគ្រួសារដំបូងឡើយលើកទី1 ត្រូវបានខាងរដ្ឋបាលព្រៃឈើ ចែកលុយឲ្យក្នុងមួយគ្រួសារចំនួន700ដុល្លារ, លើកទី2 ចែកឲ្យក្នុងមួយគ្រួសារ 200 ដុល្លារ និងលើកទី3 ឲ្យក្នុងមួយគ្រួសារ 300 ដុល្លារ។ ក្នុងនោះគ្រួសារដែលបានទទួលលុយមានរហូតដល់ 250 គ្រួសារ។
ប្រភពបានបន្តថា ពាក់ព័ន្ធនឹងដីសហគមន៍សែនមនោរម្យ គឺខាងរដ្ឋបាលព្រៃឈើជាអ្នកឃុបឃិតគ្នាលក់ ដោយយកលុយមួយចំណែកតូចមកចែកប្រជាពលរដ្ឋនៅក្នុងភូមិមនោរម្យនេះតែម្ដង។
សហគមន៍សែនមនោរម្យ ត្រូវបានគ្រប់គ្រងដោយប្រជាសហគមន៍ហោងសំណំ តាំងពីឆ្នាំ 2004មកម្ល៉េះ ដែលហគមន៍នេះបានចុះបញ្ជីនៅក្រសួងកសិកម្ម និងធ្វើការគ្រប់គ្រងដីព្រៃតាំងពីកូនឈើនៅតូច រហូតដល់ឈើធំល្មមអាចប្រើប្រាស់បាន។ លុះរហូតមកដល់ឆ្នាំ 2020នេះ ស្រាប់តែមានក្រុមហ៊ុនចំនួន5 កាន់លិខិតមកប្រាប់ថា ខាងក្រុមហ៊ុនរបស់គេបានប្រមូលទិញដីសហគមន៍ ដើម្បីរុករករ៉ែ។
បន្ទាប់ពីដឹងថា ដីសហគមន៍ព្រៃឈើសែនមនោរម្យ ត្រូវបានគេឃុបឃិតគ្នាលក់ ទើបខាងប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ដោយមានការលើកឡើងផងដែរថា ភាគីក្រុមហ៊ុនទាំងអស់នៅពេលដែលមកជួបជាមួយអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋបាននិយាយថា បើប្រជាពលរដ្ឋមិនយកលុយរបស់ក្រុមហ៊ុន ក៏ក្រុមហ៊ុនយកដីដែរ ជាពិសេសបានយកឈ្មោះប្រមុខថ្នាក់ដឹកនាំមកនិយាយគំរាមប្រជាពលរដ្ឋទៀតផង។
មូលហេតុដូច្នេះហើយ ទើបប្រជាពលរដ្ឋមួយចំនួនព្រមទទួលយកលុយទាំងបង្ខំ និងសោកស្ដាយព្រៃឈើក្នុងសហគមន៍ជាទីបំផុត។ ចំពោះការចែកលុយ គឺប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់ថា ខាងរដ្ឋបាលព្រៃឈើជាអ្នកចែក ដោយមានលោកនាយសង្កាត់សង្កែសាទប ឈ្មោះ ស៊ី ណា ជាអ្នកចែកដោយផ្ទាល់តែម្ដង។
អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋមានការសង្ស័យនោះ គឺត្រង់ថា ចំនួនទឹកលុយនៃការលក់គ្មានប្រជាពលរដ្ឋណាម្នាក់ដឹងនោះទេ គឺដឹងត្រឹមតែក្នុងមួយគ្រួសារបានទទួលលុយសរុប3ដងគឺ 1200 ដុល្លារតែប៉ុណ្ណោះ។ ប្រជាសហគមន៍ហោងសំណំ ដែលស្រឡាញ់ព្រៃឈើ និងធ្លាប់បានគ្រប់គ្រង រហូតមកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការលក់ដីសហគមន៍ព្រៃឈើនេះ ជាពិសេសសូមសំណូមពរទៅលោករដ្ឋមន្ត្រីក្រសួងកសិកម្ម សូមពិនិត្យមើលករណីនេះផង។ តាមដំណឹងថា មានការឃុបឃិតគ្នាជាប្រព័ន្ធដូចសម្លរកំពិស។
ព័ត៌មានបន្ថែម និងពិស្តារ មានផ្សាយជូននៅលើកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ