លោកមហាសេដ្ឋី ឆាក់ ហ្វីនី (Chuck Feeney) ដែលមានអាយុ ៨៩ ឆ្នាំនឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់លោកក្នុងឆ្នាំនេះ ហើយវាជាការសន្យាដែលលោកបានលើកឡើងជាច្រើនឆ្នាំមុន។ តាំងពីឆ្នាំ ១៩៨២ មក លោកបានព្យាយាមបរិច្ចាគទ្រព្យសម្បត្តិសរុបរួម ៩ប៊ីលានដុល្លារ។
ពេលនេះលោកជិតបានសម្រេចគោលដៅនេះហើយ។ លោកបានបរិច្ចាគប្រមាណ២ប៊ីលានដុល្លារទៅឲ្យអង្គការក្នុងប្រទេសអៀរឡង់ និងទ្រព្យសម្បត្តិដែលនៅសល់ត្រូវបានបរិច្ចាគឲ្យទៅសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតជុំវិញពិភពលោកដូចជាអាហ្វ្រិចខាងត្បូងជាដើម។
ប្រសិនបើអ្នកមិនធ្វើការក្នុងវិស័យសប្បុរសធម៌ អ្នកប្រហែលជាមិនស្គាល់លោកហ្វីនីទេ។ ហើយលោកក៏មិនមែនជាមនុស្សដែលចូលចិត្តទទួលបានចំណាប់អារម្មណ៍ពីអ្នកដទៃដែរ។ បច្ចុប្បន្ននេះ លោកកំពុងរស់នៅក្នុងអាផាតមិនតូចមួយដែលលោកជួលក្នុង San Francisco ជាមួយភរិយារបស់លោក។
ប៉ុន្តែយោងទៅតាម ទស្សនាវដ្តី Forbes បានឲ្យដឹងថា សម្រាប់មហាសេដ្ឋីមួយចំនួនដូចជាលោក ប៊ីល ហ្គេតស៍ (Bill Gates) និង វ៉ារេន បាហ្វេត (Warren Buffett) លោកហ្វីនីប្រៀបបានជាគំរូមួយដែលបានជំរុញឲ្យអ្នកទាំងពីរចាប់អារម្មណ៍លើការបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនផងដែរ។
ក្នុងពេលថ្មីៗនេះលោកបាហ្វេតបាននិយាយថា «ឆាកបានឲ្យជាគំរូមួយ។ វាជាកិត្តិយសធំណាស់ក្នុងការនិយាយពីបុគ្គលម្នាក់ដែលជាអ្នកក្លាហានរបស់ខ្ញុំ និងប៊ីល ហ្គេតស៍។ លោកគួរតែជាអ្នកក្លាហានរបស់មនុស្សគ្រប់គ្នា។»
លោកមហាសេដ្ឋីហ្វីនីបានកសាងទ្រព្យសម្បត្តិរបស់លោកពីការលក់ទំនិញមិនគិតពន្ធ ឬ Duty-Free Sale។ លោកបានចូលរួមបង្កើតក្រុមហ៊ុន Duty-Free Shopper Group ក្នុងឆ្នាំ ១៩៦០ ហើយបច្ចុប្បន្ននេះជាក្រុមហ៊ុនធំជាងគេក្នុងវិស័យដែលមានហាងចំនួន ៤២០ កន្លែងជុំវិញពិភពលោក។
ហើយប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការស្នើសុំការបរិច្ចាគពីលោកនោះវាយឺតពេលពេកហើយ ព្រោះគម្រោងការបរិច្ចាគរបស់លោកហ្វីនីត្រូវបានសម្រេចតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយវានឹងត្រូវបានបញ្ចប់ក្នុងឆ្នាំនេះដែរ ៕
ចែករំលែកព័តមាននេះ