ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយពីប្រើកាំបិតចាក់បុរសភេទទី៣ ស្ទើរសុះសាច់ក្នុងបំណងប៉ុនប៉ង «ប្លន់» យកទ្រព្យសម្បត្តិ តែមិនបានសម្រេចកាលពីប៉ុន្មានថ្ងៃមុននេះ ពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់ កាលពី ម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ខណៈជនសង្ស័យសម្ងំនៅក្នុងផ្ទះ ស្ថិតនៅភូមិអូរតាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។
លោក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ ពៅ ថេវីន ហៅចេក អាយុ១៧ឆ្នាំ (ជាជនដៃដល់) រស់នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក និងម្នាក់ទៀតឈ្មោះ ស៊ុម រដ្ឋា ហៅ កែប អាយុ២២ឆ្នាំ (បក្សពួក) រស់នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
លោកបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួចជនដៃដល់ឈ្មោះ ចេក និងឈ្មោះ កែប ជាបក្សពួកបានព្យាយាមសម្ងំលាក់ខ្លួន តែក្រោយពីកំណត់បាននូវមុខសញ្ញាជនទាំង២នាក់ ទើបមន្ត្រីជំនាញធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនពួកគេទាំង២នាក់ ។ ហើយជាមួយនឹងការឃាត់ខ្លួននេះ ជនដៃដល់បានសារភាពទទូលស្គាល់អំពីសកម្មភាពរបស់ខ្លួនហើយ គឺមានចេតនាចាក់សម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិ ដែលគេដឹងថា «ចង់ប្លន់យកម៉ូតូម៉ាកឃ្លិករបស់ជនរងគ្រោះ»។
ប៉ុន្តែលោកឈឿង គឹមសុង បានបញ្ជាក់ដែរថា បើតាមចម្លើយជនសង្ស័យ និងសកម្មភាពប្រព្រឹត្តជាក់ស្ដែង គឺឈ្មោះកែប មិនបានធ្វើសកម្មភាពទេនៅយប់កើតហេតុនោះ តែជាបក្សពួកគេជាអ្នកដែលចូលរួមសមគំនិត។
សូមបញ្ជាក់ថា កាលពីម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ មិថុនា មានអំពើប្លន់មិនបានសម្រេចមួយ ដែលបង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានប្រើប្រាស់កូនកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះនឿន រ៉ាឌី ប្រុស(ខ្ទើយ) អាយុ២៩ឆ្នាំ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបណ្ដាលឲ្យរងរបួសជាច្រើនកន្លែង។
បើតាមការបំភ្លឺនានាថា មុនកើតហេតុ ជនរងគ្រោះជួបគ្នាជាមួយជនដៃដល់ឈ្មោះពៅ ថេវីន និងឈ្មោះស៊ុម រដ្ឋា នៅចំណុចសួនច្បារសម្ដេចក្រឡាហោម ហើយជនរងគ្រោះនិងជនសង្ស័យបានព្រមព្រៀងគ្នាមកដេកនៅបន្ទប់ជួលរបស់ជនរងគ្រោះ តែឈ្មោះកែប មិនបានមកជាមួយទេ។ នៅពេលមកដល់បន្ទប់ជួល ស្រាប់តែជនដៃដល់បានចាក់ទៅលើជនរងគ្រោះ ដែលជាបុរសភេទទី៣ នោះជាច្រើនកាំបិតក្នុងបំណងប្លន់យកម៉ូតូ តែមិនបានសម្រេច ដោយសារជនរងគ្រោះស្រែក និងរត់ចេញក្រៅបន្ទប់ផ្អើលអ្នកនៅក្បែរនោះ រីឯជនដៃដល់ក៏រត់ចេញបាត់ទាំងយប់ភ្លាមៗដែរ។
បន្ទាប់ពីត្រូវចាប់ខ្លួនជនដៃដល់ឈ្មោះ ពៅ ថេវីន ហៅចេក បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់ជនរងគ្រោះជាច្រើនកាំបិតមែនក្នុងបំណងប្លន់ តែមិនបានសម្រេចដោយសារជនរងគ្រោះរត់ចេញក្រៅបន្ទប់ និងផ្អើលគេឯងនៅក្បែរនោះ។ ជននេះប្រាប់បន្តថា កន្លងមក ពួកខ្លួនទាំង២នាក់មិនធ្លាប់ស្គាល់ជនរងគ្រោះទេ តែពួកខ្លួនបានជួបជនរងគ្រោះនៅម្ដុំសួនច្បារខាងលើ ទើបបបួលគ្នាទៅដេកនៅបន្ទប់ជួលរបស់ជនរងគ្រោះ។
ជននេះបាននិយាយអំពីចេតនារបស់ខ្លួនថា ពេលដល់បន្ទប់ជួលនោះ ខ្លួនបានចូលងូតទឹក លុះចេញមកវិញឃើញកូនកាំបិតជនរងគ្រោះ ខ្លួនក៏យកមកសៀតចង្កេះ ភ្លាមនោះជនរងគ្រោះបានចូលងូតទឹកម្ដង លុះជនរងគ្រោះចេញមកវិញ ក៏បិទភ្លើងដេកទើបខ្លួនចាប់ផ្ដើមធ្វើសកម្មភាពចាក់ជនរងគ្រោះតែម្ដង។
លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ពិតមែនតែឈ្មោះ ស៊ុម រដ្ឋា ហៅកែប មិនបានប្រព្រឹត្តផ្ទាល់ក្នុងអំពើប្លន់មិនបានសម្រេចនេះ តែបើតាមចម្លើយនៃជនសង្ស័យ គឺមានជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការពីដំបូង។
ប៉ុន្តែយ៉ាងណាក្ដី លោកឈឿង គឹមសុង បានបញ្ជាក់ថា ពេលនេះជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ទៅឲ្យអធិការនគរបាលក្រុងបាត់ដំបង ជាអ្នកសួរនាំ មុនពេលបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ