ប្រទេសចិន ៖ ក្រុងប៉េកាំងកាលពីថ្ងៃទី១៤ មិថុនា បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការធ្វើតេស្តរកអ្នកឆ្លងវីរុស COVID-19 ក្រោយការលេចប្រភពថ្មីនៃការឆ្លងក្នុងទីក្រុងនោះ ដែលនាំឲ្យមានការភ័យខ្លាចដល់រលកទី២នៃការឆ្លងនៅចិន ។
ដោយសារការត្រួតពិនិត្យហ្មត់ចត់ ការពាក់ម៉ាសការពារជាទូទៅ និងបណ្ដាវិធានការបង្ខាំងមនុស្សមិនឲ្យចេញក្រៅផ្ទះ វីរុសហាក់ដូចជាត្រូវលុបបំបាត់ស្ទើរទាំងស្រុងនៅលើទឹកដីចិន ដែលវីរុសនោះលេចដំបូងគេនៅក្រុងវូហានកាលពីដំណាច់ឆ្នាំ២០១៩មក ប៉ុន្តែការរកឃើញប្រភពនៃការឆ្លងថ្មីក្នុងផ្សារមួយនៃរដ្ឋធានីចិន ជាកន្លែងមានការត្រួតពិនិត្យពិសេសបំផុតនាំឲ្យអ្នកក្រុងប៉េកាំងមានការភ្ញាក់ផ្អើ្អល ។
ក្រសួងសុខាភិបាលចិនរាយការណ៍នាថ្ងៃទី១៤ មិថុនា ពីអ្នកឆ្លងវីរុសថ្មីដល់៥៧នាក់ក្នុងកម្រិតជាតិរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយក្នុងចំណោមនោះ៣៦នាក់នៅក្រុងប៉េកាំង ។ អ្នកឆ្លងថ្មីទាំងនេះនៅក្រុងប៉េកាំងទាក់ទិននឹងផ្សារលក់ដុំ XINFADI ដែលលក់សាច់ ត្រីឬបន្លែ ។ នោះជាប្រភពសំខាន់នៃការផ្កត់ផ្កង់ផលិតផលស្រស់នៃទីក្រុង ។ ការរកឃើញនេះនាំឲ្យ
អាជ្ញាធរបិទតំបន់១១ដែលនៅជុំវិញផ្សារ ។ តែនោះវាគ្រាន់តែជាផ្នែកដ៏តូចមួយនៃក្រុងប៉េកាំង ដែលកាលពីថ្ងៃទី១៤ មិថុនាស្ទើរតែនៅមានស្ថានភាពធម្មតា ។
ចំណែកអ្នកឆ្លង២នាក់ទៀតរាយការណ៍នាថ្ងៃទី១៤ មិថុនានៅចិនគឺក្នុងខេត្តលីអាវនីញភាគឦសានប្រទេស ។ ចំណែកអ្នកឆ្លង១៩នាក់ទៀតជាអ្នកនាំមកពីបរទេស ។
សាលាក្រុងប៉េកាំងនិយាយថា ចង់ធ្វើតេស្តលើមនុស្សប្រមាណជា៤៦.០០០នាក់ក្នុងចំណោមប្រជាជនក្រុងទាំង២២លាននាក់ ។ រាល់មនុស្សដែលធ្វើការឬទៅកាន់ផ្សារនេះត្រូវធ្វើតេស្ត ។
អាជ្ញាធរសុខាភិបាលចិនគូសបញ្ជាក់នាថ្ងៃទី១៥ មិថុនាថា ខ្លួនបានទទួលព័ត៌មាននានាទាក់ទិន
នឹងអ្នកឆ្លងវីរុសថ្មី៤៩នាក់ទៀតនៅចិនដីគោកដោយក្នុងចំណោមអ្នកឆ្លងថ្មីទាំងនេះ ៣៦នាក់
នៅក្រុងប៉េកាំងនិង៣នាក់នៅហ៊ឺប៉ី ហើយក្រៅពីនេះជាអ្នកនាំចូល ។ ពុំមានអ្នកស្លាប់ថ្មីដោយសារវីរុសឡើយនាថ្ងៃទី១៤ មិថុនានោះ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ