ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មុខសញ្ញាលួចតាមតូបវេរលុយដ៏សកម្មមួយក្រុម ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរី សហការជាមួយសមត្ថកិច្ចខេត្តក្រចេះ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ចាប់បង្ក្រាបបានហើយ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចន្លោះខេត្តរតនគិរី ឆ្ពោះទៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩ មិថុនា ក្រោយធ្វើសកម្មភាពបន្លំយកលុយពីអាជីវករទទួលវេរលុយនៅក្រុងសែននមនោរម្យ ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បានឱ្យដឹងថា មុខសញ្ញាលួចលុយតាមតូបវេរលុយខាងលើមាន ១-ឈ្មោះ ហ៊ូ ណាវិន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិវាលពោធ៍ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ២- ឈ្មោះ ផាន់ រ័ត្ន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និង៣-ឈ្មោះ លោត ឃុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
យោងតាមរបាយការណ៏ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ម៉ោង៧និង៣០នាទី មានករណីលួច១ករណីកើតឡើងនៅចំណុចកន្លែងវេរលុយទ្រូម៉ានី ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។ ជនរងគ្រោះឈ្មោះ ប៉ុល សុវណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ហើយសម្ភារ:ដែលបាត់បង់រួមមាន ប្រាក់រៀល ២៤ ០០០ ០០០៛ (ម្ភៃបួនលានរៀល) និងប្រាក់ដុល្លារ ៥ ៥០០ដុល្លារ (ប្រាំពាន់ប្រាំរយដុល្លារ) ផងដែរ។
បើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានឱ្យដឹងថា មុខសញ្ញាលួចមានគ្នាប្រហែល៥ទៅ៦នាក់ មានស្រី មានប្រុស ដោយបានចាក់សោរយកលុយក្នុងទូរវេរលុយទ្រូម៉ាន់នី ដោយប្រើមធ្យោបាយជិះម៉ូតូម៉ាក Honda DreamC125 ក្រោយធ្វើសកម្មភាពសំរេចរួច ពួកគេរត់គេចខ្លួនបាត់អស់។
បើតាមលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមៗ នៅថ្ងៃទី៩ ខែមិថុនា ម៉ោង៩ព្រឹក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងស្នងការដ្ឋាននគរបាខេត្តរតនគីរី បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ។
ជនសង្ស័យទាំង៣នេះ ត្រូវឃាត់ខ្លួននៅលើដងផ្លូវជាតិលេខ៧៨ ភូមិវាលរំពេរ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្នុងករណីបទល្មើសករណី លួចប្រាក់ក្នុងបន្ទប់ទ្រូម៉ាន់នី កាលពីម៉ោង៦និង៣០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានប្រគល់ជូនកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីស្រាវជ្រាវស៊ើបអង្កេតបន្តហើយ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ