ការភ័យខ្លាចថាអ្នកអាចបាត់បង់ការងារក្នុងស្ថានការបច្ចុប្បន្ននេះមិនមែនជារឿងចម្លែកទេ ។ ការផ្ទុះជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ដល់អាជីវកម្ម និងក្រុមហ៊ុនទាំងតូចទាំងធំដែលបានបង្កនូវភាពមិនប្រាកដប្រជាសម្រាប់មនុស្សជាច្រើនពីអនាគតនៃការងាររបស់ពួកគេ ។ ខាងក្រោម គឺជាអ្វីដែលអ្នកត្រូវធ្វើភ្លាមៗប្រសិនបើអ្នកភ័យខ្លាចថាអ្នកអាចនឹងបាត់បង់ការងារ ៖
១. រក្សាទំនាក់ទំនងជាមួយផ្នែកគ្រប់គ្រង
ព័ត៌មានមានសារៈសំខាន់ណាស់ ។ ក្នុងពេលដែលសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា មនុស្សត្រូវការព័ត៌មានទាក់ទិននឹងស្ថានការរបស់ស្ថាប័នការងារ ឬផែនការរបស់កន្លែងការងារដើម្បីឆ្លងកាត់ស្ថានការនេះដើម្បីធ្វើការសម្រេចចិត្តបានល្អ ។ អ្នកស្រី លីនដា មាធ្យូ (Linda Matthew) ដែលជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងជាម្ចាស់ MoneyMindful Personal Finance Coaching បានប្រាប់មកថា ប្រសិនបើមានឱកាស អ្នកគួរតែពិភាក្សាជាមួយផ្នែកគ្រប់គ្រងដើម្បីទទួលបានព័ត៌មានបន្ថែមពីស្ថាប័នការងារ ។
២. ត្រៀមខ្លួនសម្រាប់គ្រាអាសន្ន
អ្នកមិនត្រូវចាយវាយច្រើនទេក្នុងពេលដែលអ្នកមានការព្រួយបារម្ភច្រើន ។ ផ្ទុយមកវិញ អ្នកត្រូវព្យាយាមសន្សំឲ្យបានច្រើនដើម្បីការពារខ្លួនពេលដែលមានអាសន្ន ឬទុកពេលសម្រាប់ពេលដែលអ្នកបាត់បង់ការងារជាដើម ។ ជាទូទៅ ការមានថវិកាបម្រុងសម្រាប់គ្រាអាសន្នអាចជួយធ្វើឲ្យមនុស្សស្ងប់អារម្មណ៍បាន ។
៣. ដុះខាត់អ្វីដែលអ្នកមាន
ក្នុងពេលដែលមនុស្សបាត់បង់ការងារ មានធនធានពីរដែលសំខាន់ជាងគេនោះ គឺជំនាញរបស់អ្នក និងមនុស្សដែលអ្នកស្គាល់ ។ ក្នុងករណីនេះ អ្នកត្រូវសកម្មក្នុងការទាក់ទងទៅមនុស្សដែលអ្នកស្គាល់ក្នុងក្រុមហ៊ុនដទៃ ។ ជាមួយគ្នានេះដែរ អ្នកត្រូវរក្សាវត្តមានលើប្រព័ន្ធសង្គមជានិច្ច ហើយអ្នកត្រូវបង្ហាញនូវការសម្រេចផ្សេងៗរបស់អ្នកដើម្បីឲ្យមនុស្សដែលកំពុងរកមនុស្សអាចទាក់ទងអ្នកបាន ៕
ចែករំលែកព័តមាននេះ