រាជធានីភ្នំពេញ ៖ ម្ចាស់ម៉ាកផលិតផល Zara បានអះអាងថា ខ្លួននឹងបិទហាងដល់ទៅ១២០០ ហាងហ្វេសស៊ិនរបស់ខ្លូននៅជុំវិញពិភពលោក នៅពេលដែលអ្នកលក់រាយសម្លៀកបំពាក់ព្យាយាមជំរុញការលក់តាមអ៊ីនធឺណែតក្នុងអំឡុងពេលភាពវឹកវរដែលបានកើតឡើងដោយសារ Covid-19 រាតត្បាត ។
ក្រុមហ៊ុន Inditex បាននិយាយថា ហាងជាច្រើនចន្លោះពី១០០០ និង១២០០ ហាង ភាគច្រើនហាងការលក់ គឺមានការខាតបង់ច្រើន ជាពិសេស គឺម៉ាកផលិតផល Zara ខណៈម៉ាក ឬយីហោល្បីៗផ្សេងទៀតរបស់ក្រុមហ៊ុនអេស្បាញនេះ គឺរួមមាន Bershka, Pull & Bear និង Massimo Dutti ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian ថ្ងៃទី១០ មិថុនា កន្លងទៅ ។
ការបិទទ្វារហាងលក់រាយម៉ាកសម្លៀកបំពាក់ដែលបានផលិតនៅប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតនោះ គឺត្រូវបានគេរំពឹងថា គឺជាបណ្តុំហាងនៅអាស៊ី និងអឺរ៉ុប ។ គេយល់ថា ហាងចំនួន ១០៧ របស់ Inditex នៅក្នុងចក្រភពអង់គ្លេសទំនងជាមិនសូវរងផលប៉ះពាល់ខ្លាំងទេ ។ Inditex បាននិយាយថា ការបិទនឹងជួយដល់ «ចំនួនទឹកប្រាក់នឹងនៅថេរ» ដោយបុគ្គលិកនៃបណ្តាហាងដែលនឹងបិទទ្វារឆាប់ៗដ៏ខ្លីខាងមុខនេះ នឹងត្រូវបានផ្តល់តួនាទីក្នុងការងារផ្សេងទៀតដូចជា ការបញ្ជូនទំនិញតាមអ៊ីនធឺណេតវិញ ។ ចំនួនហាងសរុបនឹងធ្លាក់ចុះពី ៧.៤១២ ដល់ចន្លោះ ៦.៧០០ និង ៦.៩០០ បន្ទាប់ពីការរៀបចំឡើងវិញដែលរួមបញ្ចូលទាំងការបើកហាងថ្មីចំនួន ៤៥០ ផងដែរ ។
ក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ធំបំផុតមួយនៅលើពិភពលោកបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងកំឡុងពេលមានជំងឺរាតត្បាតដោយការលក់ធ្លាក់ចុះ ៤៤% មកនៅត្រឹម ៣,៣ កោដិផោន (២,៩ ប៊ីលាន) ចន្លោះពីថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃទី ៣០ ខែមេសា ដែលជាត្រីមាសទីមួយនៃឆ្នាំហិរញ្ញវត្ថុរបស់ខ្លួន ។ ក្រុមហ៊ុនបានរាយការណ៍ពីការខាតបង់សុទ្ធចំនួន ៤០៩ លានផោនក្នុងអំឡុងពេលត្រីមាសនេះ ។ ស្ទើរតែមួយភាគបួននៃហាងរបស់ខ្លួននៅតែបិទទ្វារត្រឹមថ្ងៃទី ៨ មិថុនា ។
ទោះយ៉ាងណាកំណើននៃការលក់តាម អ៊ីនធឺណែតធ្វើឡើងសម្រាប់ភាពទន់ខ្សោយនៃការលក់មួយចំនួននៅហាង ។ ការលក់តាមអ៊ីនធឺណេតបានកើនឡើង ៥០% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងត្រីមាសនេះនិងកើនឡើង ៩៥% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងខែមេសាកន្លងទៅ ។
សូមបញ្ជាក់ថាម៉ាក ឬយីហោសម្លៀកបំពាក់ Zara គឺត្រូវម៉ាកមួយក្នុងចំណោមម៉ាកសំខាន់ៗផ្សេងទៀត ដូចជាម៉ាករបស់ស៊ុយអែត H&M, GU របស់ជប៉ុន និងម៉ាករបស់ប្រទេសនៅអាមេរិកនិងអឺរ៉ុបជាច្រើនដែលបានផលិតនៅរោងចក្រកាត់ដេរជាច្រើននៅកម្ពុជា ៕
ចែករំលែកព័តមាននេះ