ខេត្តសៀមរាប ៖ ក្រុមហ៊ុនកិនថ្ម ២កន្លែងដែលគេដឹងថា ជាក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ កំពុងតែធ្វើអាជីវកម្មកិនថ្មបំផ្លាញធនធានធម្មជាតិខ្មែរនៅ (ភ្នំព្រៃបាំង) ជិតរលាយហិនហោច ដែលមានទីតាំងស្ថិតនៅភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទាំង២នោះ បានដឹកជញ្ជូនថ្មបំផ្លាញផ្លូវថ្នល់២ខ្សែខូចទាំងស្រុង ។ បើតាមកត់សម្គាល់ គឺផ្លូវខ្សែទីមួយ គឺចាប់ពីឃុំគោកដូង ទៅទល់នឹងឃុំល្វាទ្រាំង ស្រុកវ៉ារិន និងមួយខ្សែទៀតចាប់ពីឃុំគោកដូង មកទល់នឹងឃុំលាងដៃ ស្រុកអង្គរធំ។
លោក វុទ្ធី មេការក្រុមហ៊ុនថៃ ថា ការចោទប្រកាន់មកលើក្រុមហ៊ុនរបស់លោកមិនត្រឹមត្រូវទេ លោកថា ផ្លូវថ្នល់ខូចហិនហោចនោះ គឺមានក្រុមហ៊ុនកូរ៉េមួយទៀត ដឹកជញ្ជូនយ៉ាងសកម្មជាងក្រុមហ៊ុនរបស់លោកទៅទៀត ហើយក៏មានរថយន្ដដឹកដំឡូងមីផងដែរ។
ចំណែកពលរដ្ឋថា កសិផលរបស់ពួកគាត់ក្នុងមួយឆ្នាំបានទទួលផលតែមួយដងគត់ វាមិនសាកសមនឹងធ្វើខូចផ្លូវនោះទេ ។ ពលរដ្នបន្ដថា ការលើកឡើងរបស់លោក វុទ្ធី មេការក្រុមហ៊ុនថៃ ធ្វើឲ្យពលរដ្ឋនៅតាមដងផ្លូវជំទាស់ថា ហេតុអីបានចោទថា រថយន្តគោយន្តកន្ត្រៃ រទេះគោ បានបំផ្លាញថ្នល់នោះទៅវិញ ហើយចុះត្រង់ក្រុមហ៊ុនដឹកជញ្ជូនថ្មពេញមួយឆ្នាំទៅមួយឆ្នាំនោះ ហេតុអីមិននិយាយ? ចំណែកលោកអភិបាលស្រុកអង្គរជុំ និងស្រុកវ៉ារិន គ្មានទទួលការខុសត្រូវចំពោះរឿងនេះនោះទេ ចេះតែបណ្តោយឲ្យក្រុមហ៊ុនទាំង២ ដឹកជញ្ជូនថ្មតាមទំនើងចិត្ត គ្មានការជួសជុលឡើយ។
លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានឱ្យដឹងថា លោកនឹងជំរុញឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលឡើងវិញ ដើម្បីកុំឲ្យមានការខូចខាតហិនហោចផ្លូវ និងផលប៉ះពាល់មកលើពលរដ្ឋធ្វើដំណើរ។ តែទោះយ៉ាងណា ពលរដ្ឋនៅតាមដងផ្លូវនៅតែមិនជឿពាក្យសំដីលោកអភិបាលទេ ព្រោះថា ផ្លូវនេះខូចហិនហោចយូរណាស់មកហើយ ចេះតែដោះស្រាយខ្យល់បានតែមាត់។
ពលរដ្ឋទាំងនោះបានចោទសួរថា លោក គី វីរិន្ទ ប្រធានមន្ទីរសាធារណការខេត្តសៀមរាប ទើបមកកាន់តំណែងថ្មី បានដឹងជ្រួតជ្រាបផ្លូវពីរខ្សែ ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះដែរឮទេ ។
រីឯលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានដឹងថា រឿងការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះ តែលោកពុំទាន់បានទទួលការខុសត្រូវក្នុងការដឹកជញ្ជូនថ្មពីក្រុមហ៊ុននោះទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ