រាជធានីភ្នំពេញ ៖ គិតមកដល់ត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នាពេលនេះ កងកំលាំងវិស្វកម្មកម្ពុជាដែលបំពេញបេសកកម្មនៅប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិបានឆ្លងជំងឺកូវីដ១៩មានចំនួន១០នាក់ ហើយត្រូវបានបាត់បង់ជីវិតម្នាក់។ នេះបើតាមមន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
លោកឧត្តមសេនីយ៍ឯក ផល សាម៉ន អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានឲ្យកោះសន្តិភាពតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២ ខែមិថុនាថា រហូតមកដល់ពេលនេះកងកម្មកំលាំងវិសកម្មដែលបញ្ជូនទៅធ្វើបេសកកម្មនៅប្រទេសម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិបានឆ្លងជំងឺកូវីដ១៩ ចំនួន១០នាក់ ក្នុងនោះស្ត្រី២នាក់ បានព្យាបាលជាសះស្បើយ និងបាត់បង់ជីវិតបុរសម្នាក់។
លោកឧត្តមសេនីយ៍ឯក បានឲ្យទៀតថា កងកំលាំងវិសកម្មរបស់កម្ពុជានៅប្រទេសម៉ាលី កងកំលាំងវិស្វកម្មកម្ពុជាបានឈរជើង៥កន្លែង ហើយបែងចែកជា២កង គឺកងវិស្វកម្ម និងកងកម្ចេកគ្រាប់។ លោកថា កាលពីថ្ងៃទី១០ ឧសភា កងកំលាំងកម្ចេសគ្រាប់បានឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់ ហើយថ្មីៗនេះបានចាប់ផ្តើមឆ្លង៤នាក់ទៀត (នៅក្រាវកំបន់ក្រហម) ហើយកាលពីដំបូងឡើយបានឆ្លងលើកងវិស្វកម្មចំនួន៣នាក់ សរុបចំនួន១០នាក់។
លោកបញ្ជាក់ថា «សរុបអ្នកឆ្លងជំងឺកូវីដ១៩ គឺចំនួន១០នាក់ (ស្ត្រី២នាក់ឆ្លងជំងឺកូវីដ១៩) ហើយបានបាត់បង់ជីវិតបុរសម្នាក់ និងនព្យាបាលជាសះស្បើយស្ត្រី២នាក់ ព្រមទាំងធូរស្រាល៥នាក់)។
យ៉ាងណាក្តីឧត្តមសេនីយ៍ឯក បានឲ្យដឹងថា កងកំលាំងមួកខៀវកម្ពុជាដែលបានបញ្ជូនទៅបំពេញបេសកកម្មក្រោមអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី មានចំនួនជាង៧០០នាក់ហើយ។
លោកបន្ថែមថា កងកំលាំងដែលកំពុងបំពេញបេសកកម្មនៅទីនោះសុទ្ធតែយកសំណាកមកវិភាគ ហើយបានធ្វើចក្តាឡីស័ករយៈពេល១៥ថ្ងៃផងដែរ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩។
លោកបញ្ជាក់ថា ៖ «យើងបានយកចិត្តទុកដាក់នៅប្រទេសម៉ាលី ដោយបានបញ្ជូនសម្ភារៈជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩»។
ទាក់ទិននឹងស្ថានភាពរបស់អង្គការសហប្រជាជាតិ (UN) មកលើកងកំលាំងមួកខៀវកម្ពុជាវិញលោក ឧត្តមសេនីយ៍ឯក បានឲ្យដឹងថា ខាង UN ដែលប្រចាំនៅតំបន់ដែលកងកំលាំងកម្ពុជាឈរជើងបានគិតគូរយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំងដោយទាក់ទងមកអគ្គនាយកគ្រប់គ្រងកងកំលាំងកម្ពុជាផ្ទាល់តេម្តង។ ជាងនេះ UN បានស្នើទៅខាងគ្រូពេទ្យចិនជំនាញមកព្យាបាលកងកំលាំងកម្ពុជា ព្រមទាំងបញ្ជូនសំភារៈល្អទៀតផង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ