មហាសេដ្ឋីវ័យក្មេងម្នាក់បានក្លាយជាមហាសេដ្ឋីដែលស្ថិតក្នុងចំណោមអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេក្នុងប្រទេសចិនព្រោះតែការផ្ទុះជម្ងឺកូវីដ ១៩ ។
លោក កូលីន ហ័ង (Colin Huang) ដែលមានអាយុ ៤០ឆ្នាំ និងជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើណេត Pinduoduo ឬ PDD បានមើលឃើញទ្រព្យសម្បត្តិខ្លួនកើនឡើងបានលឿនជាងគេក្នុងប្រទេសចិនកាលពីប្រមាណ២ខែកន្លងមកនេះ ។
លោកបានរកបាន ១៨ ប៊ីលានដុល្លារបន្ថែមដែលធ្វើឲ្យទ្រព្យសម្បត្តិរួមរបស់លោកកើនដល់ ៣៥.៦ប៊ីលានដុល្លារកាលពីសប្តាហ៍មុន ។ ចំនួននេះបានធ្វើឲ្យលោកក្លាយជាបុរសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភជាងគេលេខបីក្នុងប្រទេសចិន ។
មូលហេតុមួយដែលបានជួយឲ្យលោកទទួលបានចំណាត់ថ្នាក់នេះ គឺមកពីការឡើងថ្លៃនៃភាគហ៊ុនរបស់ PDD ក្នុងកំឡុងពេលដែលអតិថិជនបានងាកទៅកាន់ការទិញទំនិញអនឡាញព្រោះតែកូវីដ ១៩ ។
PDD ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ក្នុងកំឡុងពេលដែលវិស័យនេះក្នុងប្រទេសចិនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនធំៗដូចជា Tmall និង JD.com ជាដើម។ PDD មានប្រជាប្រិយភាពក្នុងចំណោមប្រជាជនដែលរស់នៅក្រុងតូចៗក្នុងប្រទេសចិន និងដោយផ្តល់បទពិសោធន៍ទិញដ៏ពិសេសផងដែរ ។
ចំណុចពិសេសមួយរបស់ PDD គឺវាអនុញ្ញាតឲ្យមានការទិញជាក្រុម ដែលមានន័យថាអតិថិជនអាចទិញផលិតផលច្រើនក្នុងតម្លៃទាបពីរោងចក្រ និងជំរុញឲ្យមិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកប្រើប្រាស់ដទៃទិញផលិតផលដូចគ្នាដែរដើម្បីចែករំលែកការចំណាយ ។
ក្រៅពីនេះហើយ PDD មានរួមបញ្ចូលហ្គេមទៅក្នុងការទិញទំនិញថែមទៀត ។ ឧទាហរណ៍ដូចជាប្រសិនបើអ្នកប្រើប្រាស់ស្រោចដើមស្វាយក្នុងកម្មវិធី PDD ប៉ុន្មានថ្ងៃជាប់គ្នា PDD នឹងផ្ញើស្វាយមួយប្រអប់ដល់អ្នកប្រើប្រាស់ជាដើម ។
ក្នុងកំឡុងពេលត្រីមាសដំបូងនាឆ្នាំនេះ PDD បានប្រាប់ថាពួកគេមានអ្នកប្រើប្រាស់ចំនួន ៦២៨លាននាក់ទៅហើយ ដែលចំនួននេះស្មើតែ ៥៨៥លាននាក់ប៉ុណ្ណោះកាលពីត្រីមាសចុងក្រោយនាឆ្នាំ ២០១៩ ។
យ៉ាងណាក្តី ក្រុមហ៊ុននេះមិនទាន់មានសមត្ថភាពក្នុងការជ្រៀតចូលទីផ្សារក្រុងធំៗក្នុងប្រទេសចិនដូចបេកាំង និងសៀងហៃនៅឡើយទេ ៕
ចែករំលែកព័តមាននេះ